ឯកឧត្តម ម៉ុម សារឿន អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ ដីឡូតិ៍ សម្បទានដីសង្គមកិច្ចជូនគ្រួសារកងទ័ព ឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ
ខេត្តស្ទឹងត្រែង៖នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ស្ទឹងត្រែងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ ដីឡូតិ៍ សម្បទានដីសង្គមកិច្ចជូនគ្រួសារកងទ័ព ដែលកំពុងបំពេញកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដោយផ្តល់ជូនគ្រួសារកងទ័ពមកពីអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ១០០គ្រួសារ ស្មើនឹង១០០ខ្នងផ្ទះ។
ពិធីនេះបានប្រព្រឹត្តទៅនៅចំណុចអូរគក់ ចន្លោះបង្គោលព្រំដែនលេខ ៧៧-៧៨ ក្នុងភូមិសាស្ត្រ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុកសៀមប៉ាង ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
លំនៅឋានដែលបានចែងចែកដល់កងទ័ពនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌឹត ប៊ុន រានី ហ៊ុន សែន៕