រដ្ឋបាលខេត្តកំពត បើកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងបាយការណ៍បូកសរុបរយៈពេល១ឆ្នាំ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តកំពត៖លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត តំណាងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានក្រុមលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំ និងពិនិត្យរបាយការណ៍បូកសរុបរយៈពេល១ឆ្នាំ និងលើកទិសដៅអនុវត្តបន្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពត។
កិច្ចប្រជុំនេះបានធ្វើឡើតតាមយៈ Video Conference ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន លោក លោកស្រីអភិបាលក្រុង ស្រុក មន្ត្រីលេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុកសរុបចំនួន៣០នាក់។
សូមបញ្ចាក់ផងដែរថា កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការពិនិត្យ និងកែសម្រួលរបាយការណ៍បូកសរុបរយៈពេល១ឆ្នាំ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានអនុវត្តកន្លងមក ដោយផ្តោតសំខាន់ទៅលើការចុះមូលដ្ឋានធ្វើវេទិកាសាធារណៈ របស់ក្រុមការងារតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្នុងខេត្តកំពត ដើម្បីប្រមូលបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋ និងបានដោះស្រាយជូនពួកគាត់តាមផ្នែក តាមវិស័យនីមួយៗ។
លោក អ៊ឹង ឆាយ ប្រធានអង្គប្រជុំ បានណែនាំដល់ក្រុមលេខាធិការដ្ឋានខេត្ត ធ្វើការកែសម្រួលខ្លឹមសាររបាយការណ៍តាមការចូលរួមរបស់យោបល់ពីអង្គប្រជុំ ដើម្បីឲ្យរបាយការណ៍មានខ្លឹមសារគ្រប់ជ្រុងជ្រោយ រំលេចឲ្យឃើញនូវសមិទ្ធិផលដែលក្រុមការងារខេត្ត ក្រុង ស្រុង ឃុំ សង្កាត់ ដែលបានខិតខំអនុវត្តនារយៈពេល១ឆ្នាំកន្លងមក នឹងដាក់របាយការណ៍នេះជូនក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តនិ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពត៕