ឯកឧត្តម ងួន រតនៈ ជំរុញឲ្យសមត្ថកិច្ចតាមច្រកព្រំដែនកម្ពុជា ថៃ និងមន្ត្រីជំនាញសម្រួលឯកសារ ការពិនិត្យសុខភាព ការធ្វើសំណាក និងចត្តាឡីស័កឲ្យបានត្រឹមត្រូវដល់ពលរដ្ឋខ្មែរ
ខេត្តបាត់ដំបង៖ក្នុងឱកាសដឹកនាំកិច្ចប្រជុំការពិនិត្យសម្រួលដល់ដំណើររបស់ពលករខ្មែរត្រឡប់មកពីថៃ និងការធ្វើចត្តាឡីស័ក ចំពោះពលករទើបត្រឡប់មកនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញអោយសមត្ថកិច្ចតាមច្រកព្រំដែនកម្ពុជា ថៃ ដែលជាប់នឹងខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាល ក្នុងការសម្រួលឯកសារ ការពិនិត្យសុខភាព ការធ្វើសំណាកឲ្យបានត្រឹមត្រូវ និងការធ្វើចត្តាឡីស័កដល់ពលករ តាមការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការធ្វើចត្តាឡីស័កលើពលករនេះ មិនត្រូវមានការលើកលែងនិងអនុញ្ញាតឲ្យទៅផ្ទះឡើយ បើទោះក្នុងករណីណាក៏ដោយ ចៀសវាងមានការថ្លោះថ្លូយ ហើយបង្កការព្រួយបារម្ភដល់ពលរដ្ឋផ្សេងទៀត ហើយក៏សូមថ្លែងអំណរគុណដល់សមត្ថកិច្ច អាជ្ញាធរ មន្ទីរជំនាញ ដែលកំពុងខិតខំជួយក្នុងការងារនេះផងដែរ ។
ប្រជាពលរដ្ឋជាពលករ ទើបមកពីធ្វើការនៅប្រទេសថៃ ដែលបានឆ្លងកាត់ព្រំដែនជាប់នឹងខេត្តបាត់ដំបង បានប្ដេជ្ញាចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តបាត់ដំបង ទប់ស្កាត់កុំឲ្យមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ។
ពលករកំពុងធ្វើចត្តាឡីស័ក ក្នុងវិទ្យាល័យកំរៀង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានលើកឡើងថា ពួកគាត់បានយល់ដឹងច្រើន ពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ រួមទាំងបានអនុវត្តជានិច្ច នូវវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ពួកគេបានបន្តថា ចំពោះការវិលត្រឡប់មកពីប្រទេសថៃ ខណៈនៅខេត្តសាមុទសាខន កំពុងមានការផ្ទុះខ្លាំងនៃជំងឺកូវីដ១៩នោះ គឺមិនមែនមានការជ្រួលច្របល់ទើបត្រឡប់មកនោះទេ ការមកនេះដោយសារមានភារៈក្នុងគ្រួសារ ប៉ុន្តែទោះមានរវល់ក្នុងគ្រួសារយ៉ាងណាក្តី ពួកគេនឹងនៅបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តផងដែរ ។
តាមការបញ្ជាក់ពីលោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា បន្ទាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩នៅខេត្តសាមុទសាខន នៃប្រទេសថៃជាច្រើនករណី ដោយគិតចាប់ពីថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០២០ មានពលករខ្មែរត្រឡប់មកពីថៃ តាមច្រកព្រំដែនជាប់នឹងខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរខេត្តនិងមន្ត្រីជំនាញបានពិនិត្យសុខភាពនិងបានធ្វើចត្តាឡីស័កពលករសរុបចំនួន១២១នាក់ នៅមណ្ឌលចំនួន២ក្នុងស្រុកកំរៀង ៕