ថ្លើមធំមែន: ហ៊ានផ្គើនបទបញ្ជារ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅតែបន្តឲ្យពលករឆ្លងដែនខុសច្បាប់
ខេត្តបន្ទាយមានជ័យ÷ ដោយយោងតាមប្រសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជារ ឲ្យបិទ ច្រករបៀង ទាំងអស់ មិនត្រូវលួចបើកឡើយ។ ព្រោះច្រករបៀង បង្ករឲ្យកើតមាន ករណី ជួញដូរអាវុធ ជួញដូរអាភៀន ទំនិញគេចពន្ធ និង ជួញដូរមនុស្សដោយ ខុស ច្បាប់ ។ តែក្នុងនោះគេ បានសង្កេត ឃើញថា នៅក្នុងភូមិសាស្ត្រ ឃុំបឹងបេង ឋិតក្នុងភូមិ ចំបក់ ជាប់ព្រំប្រទល់ ជាមួយភូមិ ភ្នំរូង គឺមានមេខ្យល់ បានលួចនាំ ពលករខ្មែរ ឆ្លងដែនចូលទៅប្រទេសថៃ យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាច អាញើត អ្វីឡើយ ។
តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅភូមិ ចំបក់ បានលួចបង្ហើបឲ្យដឹងថា មានក្រុមមេខ្យល់ បានដឹកជញ្ជួនពលករខ្មែរ មកពីបណ្តា ក្រុង ខេត្ត ផ្សេងៗ ជារៀងរាល់ថ្ងៃចូលទៅ ប្រទេសថៃ ខណៈប្រទេសថៃកំពុងបិទតាមបន្ទាត់ព្រំដែន យ៉ាងតឹងរឹង និងយកចិត្ត ទុកដាក់ ថែមទាំង បានដាក់ បន្លាលួស ទៀតផង។
ក្រោយពីទទួល សេចក្តីរាយការណ៍រួច នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ សារព័ត៌មានយើង បានទៅដល់ភូមិសាស្ត្រមួយក្នុងឃុំបឹងបេង ឋិតក្នុងភូមិចំបក់ ក្បែច្រករបៀង បឹងបេង ដែលគ្រប់គ្រងដោយលោក ប៊ុន គុណ ជានាយប៉ុស្តិ៍នៃវរសេនាតូចនគរបាលការពារព្រំដែនគោក ៨១៥ បានឃើញរថយន្ត សេរីទំនើបមួយគ្រឿង បានដឹកពលករ ចូលទៅផ្ទះមេខ្យល់ ខាងស្តាំដៃប៉ុស្តិ៍ប្រហែល១០០ ទៅ ២០០មែត្រ ។ បន្ទាប់មក មេខ្យល់ ជាស្រ្តីនោះ បាននាំពលករ ដើរតម្រង់ប្រុង ឆ្លងដែន ចូលទៅប្រទេសថៃ។ តែដោយសារ ឃើញក្រុមសារព័ត៌មាន បានតាមថត មេខ្យល់នោះ បានគេចខ្លួនភ្លាមៗ បន្សល់ទុកនៅពលករប្រុស-ស្រី ៦នាក់ មានស្រី ១នាក់ ដែលមកពី ខេត្តបាត់ដំបង។
តាមប្រភពពី ពលករបាន អោយដឹងថា ពួកគាត់ មកពីខេត្ត បាត់ដំបង គោលបំណងឆ្លងដែនចូល ទៅប្រទេសថៃ ដើម្បីសុីឈ្នួលបេះផ្លែឈើ ។ ពួកគាត់បន្តថា ការឆ្លងដែនដោយខុសច្បាប់នេះ មេខ្យល់យកពីពួកគាត់ក្នុង១នាក់(២ពាន់បាត) ទៅ(៣ពាន់បាត) រីឯនគរបាល នៅច្រក បឹងបេង គឺ មេខ្យល់ បានចរចារត្រូវរ៉ូវអស់ហើយ ទើប គ្មានអ្នកណា មកហាម ឬ បង្រ្កាបឡើយ ។
ពាក់ព័ន្ធ នឹង បញ្ហា ពលករឆ្លង ដែនដោយខុសច្បាប់នេះ នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ប៊ុន គុណ មេប៉ុស្តិ៍ បឹងបេង សារព័ត៌មានយើង បានឲ្យដឹងថា ករណីនេះ មិនមានពលករឆ្លងដែនចូលទៅប្រទេសថៃទេ ហើយម្យ៉ាងវិញទៀត គឺលោកតែងតែដាក់កម្លាំងឲ្យចុះយាមឬល្បាតជាប្រចាំ។ លោកបន្តថា ករណីពលករ ប្រាប់ថា មេខ្យល់បានបង់លុយឲ្យនគរបាលក៏មិនមានដែរ។
នៅរសៀលថ្ងៃដដែលនេះ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ បានឲ្យដឹងថា ករណីនេះលោកមិនបានដឹងទេ ចាំលោកសួរមេបញ្ជាររងទទួលសិន ហើយក៏បិទទូរស័ព្ទ។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនគរបាលខេត្ត បន្ទាយមានជ័យ ទទួលផែនការងារព្រំដែន បានឲ្យដឹងថា គាត់បានបញ្ជារឲ្យបិទច្រកអស់ហើយតែ បើមានផ្ញើរូបឲ្យមើលផង ៕