កំណាត់ផ្លូវ DBST ក្នុងខេត្តកែប ចំនួន៧កំណាត់ និងសំណង់សិល្បៈការ្យ បានបើកការដ្ឋានសាងសង់ និងជួសជុល
ខេត្តកែប៖ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត នៃគណៈអភិបាលខេត្ត និងជាប្រធានគណកម្មការរៀបចំគម្រោងខេត្តកែប នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូDBST ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ដើម្បីជួសជុល ផ្លូវក្រាលក្រួសក្រហមចំនួន០១ខ្សែ និងជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន៧កំណាត់ខ្សែ ដែលមានប្រវែង៣,៣៨២ម៉ែត្រ និងសំណង់សិល្បៈការ្យមួយចំនួន តាមបណ្តោយផ្លូវ នៅមូលដ្ឋានភូមិកែប សង្កាត់កែប នេះគឺជាចំណងដៃថ្មីមួយទៀត ដើម្បីជូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សា ។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។ប្រទេសជាតិមានសុខសន្តិភាពនេះហើយ ទើបរដ្ឋបាលខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋានគ្រប់ទីកន្លែង។
កំណាត់ផ្លូវដែលនឹងជួសជុលនៅពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកែប បានផ្តល់ជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរ និងបញ្ចៀសការកកស្ទះចរាចរ ជាពិសេស ដើម្បីភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់តំបន់នេះមានភាពងាយស្រួល។ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរ ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង។ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ សូមមានការយោគយល់ ចំពោះផលប៉ះដែលកើតឡើងពីការជួសជុលនេះ។
បន្ថែមពីនេះទៀតឯកឧត្តមបញ្ចាក់ថា ទោះបីជាការរីករាលដាល នៃជំងឺកូវីដ១៩ ត្រូវបានប្រមុខរាជរដ្ឋាភិបាលគ្រប់គ្រងបានក៏ដោយ ក៏សូមឩ្យអាជ្ញាធរក្រុងស្រុក បន្តធ្វើការណែនាំដល់ប្រជាពលរដ្ឋអោយអនុវត្តតាមវិធានសុខាភិបាលអោយបានត្រឹមត្រូវតាមរយៈការពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ទឹកអាកុល អោយបានញឹកញាប់រក្សាគម្លាតសង្គមអោយបានល្អ៕