អភិបាលរងខេត្តកណ្ដាល ក្រើនរំលឹកដល់អាជីវករ ដែលបានដាក់ពាក្យសុំចូលដេញថ្លៃ ភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២១ ត្រូវពិចារណាឲ្យបានច្បាស់លាស់ មុននឹងដេញថ្លៃ
ខេត្តកណ្ដាល៖មានប្រសាសន៍នៅក្នុងពិធីដេញថ្លៃជាសាធារណៈភាស៊ី គ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាលបាន ធ្វើការក្រើនរំលឹកដល់អាជីវករ ដែលបានដាក់ពាក្យសុំចូលដេញថ្លៃ ត្រូវពិចារណាឲ្យបានច្បាស់លាស់ មុននឹងដេញថ្លៃយកមកប្រកបអាជីវកម្ម ដើម្បីជៀសវាងការដេញថ្លៃប្រកួតប្រជែងគ្នា ក្នុងតម្លៃខ្ពស់ យកឈ្នះយកចាញ់ ប៉ុន្តែការអនុវត្តការបង់ចំណូលជូនមិនបានពេញលេញ នាំឲ្យខាតបង់លើអាជីវកម្មខ្លួន និងជាប់បំណុលរដ្ឋ។
លោកបានបញ្ជាក់ថា ចំពោះភាស៊ីផ្សារទាំង៥ ទីតាំងដែលបានដាក់ដេញថ្លៃនេះ គឺពុំមានទីតាំងសម្រាប់ចាក់សំរាម និងកន្លែងផ្ញើរកង់ម៉ូតូរបស់រដ្ឋទេ ដូច្នេះអាជីវករដែលមកដាក់ពាក្យសុំចូលដេញថ្លៃភាស៊ីផ្សារ ត្រូវមានមធ្យោបាយដឹកជញ្ជូន និងរកទីតាំងចាក់សំរាមដោយខ្លួនឯង ឲ្យបានសមស្រប មានរក្សាអនាម័យ ធ្វើឲ្យផ្សារមានសោភ័ណភាពជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវចូលមកទិញទំនិញ ប្រើប្រាស់សេវាកម្មរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោក ក៏បានស្នើឲ្យអ្នកដែរដេញថ្លៃភាស៊ីបាន ទាំងអស់ ត្រូវស្តាប់ការណែនាំរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអង្គភាពជំនាញ និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំ កិច្ចសន្យា និងសៀវភៅបន្ទុក ដែលបានកំណត់ ឲ្យមានប្រសិទ្ធភាពខ្ពស់៕