នគរបាលក្រុងបាត់ដំបង ចុះបង្ក្រាបទីតាំងល្បែងស៊ីសងពីរកន្លែង ក្នុងបទល្មើសជាក់ស្តែង
ខេត្តបាត់ដំបង៖កម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងការិយាល័យជំនាញ នឹង កម្លាំងអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន០២ទីតាំង ក្នុងបទល្មើសជាក់ស្តែង។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នៅចំណុចទីតាំងទី១ ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ល្បែងស៊ីសង (ភ្នាល់កីឡាប្រដាល់)ទីតាំងទី២ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ល្បែងស៊ីសង( ចាក់ភ្នាល់អាប៉ោង)។
ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វើការឃាត់នាំខ្លួនអ្នកពាក់ព័ន្ធប្រព្រឹត្តលេងល្បែងស៊ីសងចំនួន០៦នាក់ រួមនឹងវត្ថុតាងមាន៖
- កម្រាលកៅស៊ូ សម្រាប់ចាក់អាប៉ោងចំនួន០១
- គម្របផ្តិល សម្រាប់គ្របអាប៉ោងចំនួន០១
- ចាន សម្រាប់បាញ់អាប៉ោងចំនួន០១
- គ្រាប់មេអាប៉ោងចំនួន០១
- ចានជ័រ ដាក់ដីខ្សាច់សម្រាប់ទ្រចានអាប៉ោងចំនួន០១។
ក្រោយពីឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តលេងល្បែងស៊ីសងទាំង០៦នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕