ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងបើកឱ្យដំណើរការ ការអ៊ុតបេទីម លើផ្លូវទាំង៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ២រោជ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញបើកឱ្យដំណើរការ ការអ៊ុតបេទីម លើផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀតនៃផ្លូវទាំងនេះ។
ក្នុងដំណើរចុះពិនិត្យការអ៊ុតបេទីមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងប្រតិភូអមដំណើរ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលក្នុងពេលដែលជម្ងឺកូវីដ-១៩ កំពុងឆ្លងរាលដាលនៅក្នុងសហគមន៍។
គួរបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់០.០៧ ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួចជា បន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ នៅថ្ងៃទី២ ខែធ្នូនេះ ក្រោយពីថ្ងៃ បើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០១៩ រួចមក។
ជាជំហានដំបូងនេះក្រុមការងារនឹងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេង ទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។ក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមនឹងសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណភាព ក្នុងខេត្តព្រះសីហនុរបស់យើង បំរើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ៕