អាជ្ញាធរខេត្តបាត់ដំបង រៀបចំមណ្ឌលចត្តាឡីស័កមួយចំនួន នៅជិតច្រកព្រំដែន សម្រាប់ដាក់ពលករដាច់ដោយឡែក១៤ថ្ងៃ
ខេត្តបាត់ដំបង៖ក្រោយមានការផ្ទុះឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ នៅប្រទេសថៃ និងស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល អាជ្ញាធរខេត្តបាត់ដំបង បានរៀបចំនូវមណ្ឌលចត្តាឡីស័កមួយចំនួនបន្ថែមទៀត នៅស្រុកកំរៀង និងស្រុកសំពៅលូន សម្រាប់ដាក់ពលរដ្ឋ នៅដាច់ដោយឡែករយះចំនួន១៤ថ្ងៃ។
នាឱកាសចុះពិនិត្យការរធ្វើសំណាករបស់ពលករ នៅច្រកព្រំដែនអន្តរជាតិដូង (ឡែម) នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃម្សិលមិញ មានពលករខ្មែរត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនជាប់ខេត្តបាត់ដំបង មានចំនួន១៤នាក់ និងគិតព្រឹកថ្ងៃនេះចំនួន១០នាក់ និងត្រូវបានធ្វើសំណាករកមេរោគកូវីដ១៩ គ្រប់ៗគ្នា។
លោកបានបន្តថា អាជ្ញាធរក៏បានរកឃើញពលករចំនួន២នាក់ នៅក្នុងស្រុកថ្មគោល ធ្វើដំណើរឆ្លងដែនចេញមកពីប្រទេសថៃតាមច្រកអូរស្មាច់ នៃខេត្តឧត្តរមានជ័យ ដែលបានមកពីខេត្តសាមុទសាខន ហើយបច្ចុប្បន្នពួកគេកំពុង បានដាក់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកស្រុកថ្មគោលផងដែរ។
តាមការបញ្ជាក់រហូតមកដល់ពេលនេះ ខេត្តបាត់ដំបងបានធ្វើសំណាករកជំងឺកូវីដ១៩ បានចំនួន២៩១០សំណាក ក្នុងនោះមានសំណាករបស់អ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃទី២៨ ខែវិច្ឆិកា ចំនួនជាង៣០០សំណាក៕