មន្ទីរសុខាភិបាល ខេត្តរតនគិរី ទទួលបានរថយន្តគិលានសង្គ្រោះ ០២គ្រឿងបន្ថែមទៀត ពីក្រសួងសុខាភិបាល
ខេត្តរតនគិរី៖លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ ទទួលរថយន្តគិលានសង្គ្រោះ (Ambulance) ចំនួន០២គ្រឿង ដែលជាអំណោយរបស់ក្រសួងសុខាភិបាល បានផ្តល់ជូនសម្រា់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី សម្រាប់បម្រើលើការងារផ្តល់សេវាសុខុមាលភាពសាធារណៈនៅក្នុងខេត្ត។
រថយន្តគិលានសង្គ្រោះចំនួន០២គ្រឿងនេះ នឹងត្រូវផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ចំនួន០១គ្រឿង និងជូនដល់មន្ទីរពេទ្យបង្អែកបរកែវ ចំនួន០១គ្រឿង។
នាឱកាសនោះលោក លន់ សុភាព អភិបាលរងខេត្តរតនគិរី បានថ្លែងថា រថយន្តគិលានសង្គ្រោះ ទាំងនេះ នឹងបានជាមធ្យោបាយដ៏ប្រសើរឡើង សម្រាប់បម្រើការងារ លើផ្នែកសុខាភិបាល ឲ្យកាន់តែមានលទ្ធផលល្អ ប្រសិទ្ធភាព និងពង្រឹង គុណភាពនៃការផ្តល់សេវាសុខាភិបាលថែមទៀត ជាពិសេសជាមធ្យោបាយ ជួយក្នុងការសង្គ្រោះអ្នកជំងឺ និងការងារកិច្ចប្រតិបត្តិការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕