មនុស្សចំនួន៣នាក់រងរបួសធ្ងន់ និងស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នា ដេញតាមចោរឆក់ខ្សែក នៅចំណុចក្នុងសង្កាត់ស្ទឹងមានជ័យ២ ជ្រុលទៅបុកឡំប្រឺតាដែលកំពុងធ្វើដំណើរ តាមផ្លូវលេខ២១៧
រាជធានីភ្នំពេញ៖មនុស្សប្រុស ស្រីចំនួន៣នាក់បានរងរបួសធ្ងន់ និងស្រាល ដឹកយកទៅកាន់មន្ទីរពេទ្យឯកជនភ្លាមៗ បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាបញ្ច្រាសទិសចរាចរណ៍ ដេញតាមចោរឆក់ខ្សែក នៅតាមផ្លូវបេតុងខាងក្រោយសាលារៀនណតឡាញ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យកាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ក៏បានជ្រុលទៅបុកឡំប្រឺតា ដែលកំពុងធ្វើដំណើរនៅតាមផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ចំពីមុខពេញទំហឹង។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូ២គ្រឿង ដែល១គ្រឿងមិនចាំម៉ាក ជិះដោយបុរសម្នាក់ធ្វើដំណើរ ចេញពីផ្លូវបេតុងខាងក្រោយសាលារៀនណតឡាញ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយឆ្លងកាត់ផ្លូវព្រះមុនីរ៉េតមកបញ្ច្រាសចរាចរណ៍ ក្នុងនោះក៏មានម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GI-1646 ជិះឌុបគ្នា៣នាក់ (ប្រុស១ ស្រី២ ) ដេញតាមពីក្រោយមិនប្រយ័ត្នក៏ជ្រុលទៅបុកឡំប្រឺតា ដែលកំពុងធ្វើដំណើរស្របផ្លូវ និងដឹកភ្ញៀវចំពីមុខពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូហុងដាឌ្រីមជិះឌុបគ្នា៣នាក់ខាងលើរងរបួសធ្ងន់២នាក់ ស្រាលម្នាក់។
ជនរងគ្រោះដែលរងរបួសស្រាលបានឲ្យដឹងថា ពួកគេត្រូវចោរឆក់ ខ្សែកបានសម្រេច ទើបនាំគ្នាដេញតាមចាប់ក៏ជ្រុលទៅបុកឡំប្រឺតាយ៉ាងដូច្នេះ។ចំណែកជនសង្ស័យម្នាក់ ដែលឆក់ខ្សែក ពីជនរងគ្រោះបានសម្រេចនោះ ក៏បានជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព៕