អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការខេត្ត ពាក់ពន្ធ័ករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ពាក់ពន្ធ័ករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ ដែលប្រព្រឹត្តនៅចំណុចជើងភ្នំខ្លាកូនចាស់ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ដោយយោងតាមបទល្មើសជាក់ស្ដែង លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថ ក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន០១កូនថង់តូច ស្មើនឹង០,៤៥ក្រាម និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1Q-4005 និងសម្ភារៈមួយចំនួន។
ពាក់ព័ន្ធបញ្ហាខាងលើនេះបើតាមលោករវសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿយ ស៊ីណាត ហៅ កឺត ត្រូវបានសមត្ថកិច្ចបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ក្រោយពីសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុក ដើម្បីប្រើប្រាស់ពិតប្រាកដមែន។
ក្រោយពីទទួលបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនអាវុធហត្ថក្រុងកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យគ្រឿងញៀនអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕