សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សហការជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត ចុះចែកម៉ាស អាកុល ជូនប្រជាពលរដ្ឋនៅតាមផ្សារ និងផ្លូវសាធារណៈ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ សហការជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានក្នុងក្រុងប៉ោយប៉ែត អញ្ជើញចុះផ្សព្វផ្សាយអប់រំ អំពីវិធានការទប់ស្កាត់ និងការពារការរាតត្បាតជំងឺឆ្លងកូវីដ១៩ ព្រមទាំងធ្វើការវាស់កំដៅនិងចែកម៉ាស អាកុល ជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅតាមផ្សារ និងផ្លូវសាធារណៈ ដើម្បីចូលរួមការពារទប់ស្គាត់ការឆ្លងរីករាដាលជំងឺកូវីដ១៩ ក្នុងសហគម។ការចុះចែកម៉ាស អាកុល ជូនប្រជាពលរដ្ឋនេះបានធ្វើឡើងដោយមានការណែនាំពីឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា(ក្រុម១៥៧) លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ។
នៅក្នុងនោះលោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាក្រុងប៉ោយប៉ែត បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករ ត្រូវរក្សាអនាម័យសុខភាពឲ្យបានល្អ ពិសេសចូលរួមអនុវត្តតាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាលដូចជាៈ
១.ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកអាល់កុល
២.ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។លើសពីនេះទៀត ប្រសិនបើមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នុងករណីមានរោគសញ្ញាទាំងអស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាល។
សូមបញ្ជាក់ដែរថា សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ដែលមានឯកឧត្តម ម៉ឹង ពន្លក ប្រធាន កន្លងមកក៏ដូចជាពេលនេះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល ពិសេសផ្នែកមនុស្សធម៌តែម្តង នៅពេលបានដឹងថា មានប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយសារអ្វីមួយនោះ ក្រុមការងារបានភ្គៀងផ្គររកជំនួយមនុស្សធម៌ទាំងក្នុងនិងក្រៅស្រុក ព្រមទាំងផ្ទាល់ខ្លួនផងដែរ ដើម្បីចុះទៅជួយឲ្យបានទាន់ពេលវេលាដោយមិនរើសអើងឡើយ៕