កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រួមនឹងវត្ថុតាងមួយចំនួនធំ
ខេត្តបន្ទាយមានជ័យ៖ដោយក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យការិយាល័យនិងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ចុះសហការជាមួយកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលនិតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ស្រី១នាក់ រួមនឹងវត្ថុតាងមួយចំនួន។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលបន្ទុកផែនគ្រឿងញៀនបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះថា ជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបបានរួមមាន៖
១-ឈ្មោះ ទ យ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ ហ ម៉ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ
៣-ឈ្មោះ ស ដលស ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។
លោកឧត្តមសេនីយ៍ត្រី ស្នងការខេត្តបញ្ជាក់ថា ការចុះបង្ក្រាបនេះកម្លាំងជំនាញបានសហការគ្នាយ៉ាងល្អ ដើម្បីធ្វើការត្រួតពិនិត្យ និងឆែកឆេរស្វែងរកវត្ថុតាងទាំងពីរទីតាំង
ទីតាំងទី១ ចំណុចផ្ទះជួលរបស់ឈ្មោះ ទី យៀង ភេទស្រី ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត
ដកហូតបាននូវវត្ថុតាងរួមមាន:ចំនួន២(ពីរ)វ៉ាលី សង្ស័យសារធាតុញៀន មិនទាន់រាប់ចំនួនច្បាស់លាស់។
ទីតាំងទី២ ចំណុចបន្ទប់ជួលរបស់ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត សម្ភារៈវត្ថុតាងចាប់យកមានៈចំនួន១កេសដែក សង្ស័យសារធាតុញៀន មិនទាន់រាប់ចំនួនជាក់លាក់។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានបញ្ជូនបន្តទៅមន្ទីប្រឆាំងគ្រឿងញៀន ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់៕