ប្រជាពលរដ្ឋ០២គ្រួសារ នៅខេត្តកែប ដែលរងគ្រោះដោយខ្យល់កន្ទ្រាក់ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហម
ខេត្តកែប៖លោកស្រី អ៊ុល ភីរុណ អនុប្រធានអចិន្ទ្រៃយ៍ គណៈកម្មាធិការសាខាកក្រក ខេត្តកែប តំណាងឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់ព្យុះ និងខ្យល់កន្ទ្រាក់ចំនួន២គ្រួសារនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ។
លោកស្រីអនុប្រធានបានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ជាពិសេសនៅពេលដែលបងប្អូនជួបប្រទះនូវគ្រោះ មហន្តរាយផ្សេងៗ ។
ក្នុងឱកាសនោះលោកស្រី អនុប្រធាន បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ បើទោះបីអាកាសធាតុអំណោយផលក៏ដោយព្រោះនេះជាបញ្ហាប្រែប្រួលអាកាសធាតុអាចកើតឡើងគ្រប់ពេល ដូច្នេះសូមបងប្អូនទាំងអស់ ត្រូវបង្កៀនការប្រុងប្រយត្នខ្ពស់។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋរងគ្រោះទាំង០២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៥០ គក្រ, មី០១កេះ, ទឹកត្រី០១ យួរ, ទឹកសីអីវ០១យួរ,ត្រីខ ០២ឡូ និងថវិកា ២០០,000រៀល។
ទន្ទឹមនោះលោកស្រី ក៏បានណែនាំបងប្អូនប្រជាពលរដ្ឋ រួមគ្នាដាំដំណាំរួមផ្សំ បន្លែបង្ការផ្សេងៗ ចិញ្ចឹមសត្វ បង្កបង្កើនផល ជៀសវាងការលេងល្បែងស៊ីសងគ្រាប់ប្រភេទ ពិសេសត្រូវថែទាំសុខភាពឱ្យបានល្អ បន្តនូវវិធានការអនាម័យ អោយបានជាប់ជាប្រចាំ រក្សាគម្លាសង្គម ក៏ដូចជាបុគ្គល ដើម្បីរួមគ្នាទប់នៃការឆ្លងជំងឺកូវីដ-១៩ ចូលមកក្នុងសហគមន៍៕