កម្លាំងខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លួនមនុស្ស ប្រុសស្រីចំនួន១២នាក់ និងដកហូតបាននូវវត្ថុតាងមួយចំនួន
រាជធានីភ្នំពេញ៖កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានចុះធ្វើការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣២៦ ផ្ទះលេខ២០ ក្រុម៣៣ ភូមិ៥ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយឃាត់ខ្លួនមនុស្ស ប្រុសស្រីចំនួន១២នាក់ និងដកហូតបាននូវវត្ថុតាងមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា៖ការចុះប្រតិបត្តិការខាងលើនេះដោយមានការចង្អុលបង្ហាញពីលោកឯក ឃុន ដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបញ្ជាឲ្យកម្លាំងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតនៅជិតផ្សារនាគមាស ដែលជាកន្លែងប្រមូលផ្តុំដោយក្រុមយុវជន យុវនារីចូលលេងភ្លេចផ្ទះ ភ្លេចសាលារៀន វក់ងប់នឹងល្បែងស៊ីសង ដែលបង្កឲ្យមានករណីចោរឆក់ចោរប្លន់ នឹងមានបងតូច បងធំជាដើម ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះមានការភ័យខ្លាច។ដោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ទើបនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរខណ្ឌទួលគោក បានចុះបង្ក្រាបជាក់ស្តែង ហើយក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យដែលជាអ្នកញៀនល្បែងចំនួន១២នាក់ ក្នុងនោះមានប្រុស១០នាក់ ស្រី២នាក់ និងដកហូតវត្ថុតាំងមួយចំនួនរួមមាន៖ទូហ្គេមបាញ់ត្រីចំនួន៤គ្រឿង,ទូហ្គេមប៊ៀចំនួន៥គ្រឿង,កុំព្យូរទ័រចំនួន៤គ្រឿង និងសម្ភារមួយចំនួនទៀត។
ក្រោយពីប្រតិបត្តិការចប់ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង រួមទាំងនាំខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ដោយឡែកផ្ទះនៅទីតាំងខាងលើសមត្ថកិច្ចបានធ្វើការប្លុមបេបិទជាបណ្ដោះអាសន្ន៕