អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័័យម្នាក់ ទៅតុលាការខេត្តពាក់ព័ន្ធទៅនឹងករណីលួចទូរស័ព្ទដៃ នៅចំណុចដីស ភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងករណីលួចទូរស័ព្ទ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនបញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួររួចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
អាវុធហត្ថបានឲ្យដឹងថា ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ ពេជ្រ រតនា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា មានករណីលួចទូរស័ព្ទដៃនៅចំណុចម្ដុំដីស ស្ថិតនៅផ្ទះដើមបណ្ដឹខាងលើ។បន្ទាប់មកលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស៊យ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះនៅវេលាម៉ោង០៩ និង១៣នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ទូរស័ព្ទដៃម៉ាកOPPO ចំនួន០២គ្រឿង និងកាំបិតប្រវែង៣៩សង់ទីម៉ែត្រ០១ដើមផងដែរ ហើយបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីសួរនាំ។ក្រោយពីសមត្ថកិច្ចសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេតែងតែធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃជាញឹកញាប់ ដោយឡែកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ រូបខ្លួនបានដើររើសអេតចាយហើយបានដាក់កាំបិត ដើម្បីទុកការពារខ្លួន លុះដល់ចំណុចដីស ភូមិសាមគ្គីមានជ័យចំណុចផ្ទះដើមបណ្ដឹងនោះ ខ្លួនបានឃើញទូរស័ព្ទចំនួន០២គ្រឿងដែលកំពុងសាកថ្ម ហើយម្ចាស់ដេកលក់ ក៏ចូលទៅលួចយក តែត្រូវម្ចាស់ភ្ញាក់ទាន់ហើយស្រែកឆោឡោ ហើយប្ដឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្ដង។
ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕