ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យមើលការកែលម្អរសោភ័ណ្ឌភាពក្រុងស្វាយរៀង
ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃចន្ទ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងអមដំណើរដោយលោកអភិបាលរងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលការកែលម្អរសោភ័ណ្ឌភាពក្រុងស្វាយរៀងរួមមាន៖
១-ពិនិត្យទីតាំងស្រះវង់កំពុងរៀបចំក្រាលការ៉ូឡាថ្មី លាបថ្នាំ បំពាក់ភ្លើងបំភ្លឺលម្អរ សួនច្បារ ដាំដើមឈើ និងពិនិត្យស្រះទឹកដើម្បីធ្វើពិធីព្រលែងត្រីចម្រុះពណ៌នៅក្នុងស្រះនេះ ដែលគ្រោងធ្វើនៅថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២១ខាងមុខ។
២- ពិនិត្យទីតាំងក្នុងការរៀបចំវិថីលក់ម្ហូបអាហារនៅសងខាងផ្លូវខាងត្បូងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីចូលរួមកែសម្រួលដល់សោភ័ណ្ឌភាពក៏ដូចជាបញ្ជៀសការកកស្ទះចរាចរណ៍នៅខាងមុខមន្ទីរពេទ្យនាពេលកន្លងមក។
៣- ពិនិត្យសាលប្រជុំធំសាលាខេត្តកំពុងធ្វើការជួសជុលសម្ភារបរិក្ខាផ្សេងៗដែលបានខូចមួយចំនួនកន្លងមក ដើម្បីត្រៀមលក្ខណះទទួលនូវកិច្ចប្រជុំសំខាន់ៗផ្សេងៗ៕