ក្មេងស្រីម្នាក់ ត្រូវបានគេវាយ បណ្ដាលឲ្យស្លាប់ ម្ដាយជនរងគ្រោះ លើកដៃសំពះ សុំឲ្យអាជ្ញាធរ មានសមត្ថកិច្ច ជួយរកយុត្តិធម៌ផង
ខេត្តក្រចេះ៖ ម្តាយក្តុកក្តួលចិត្ត អួលដើម ក បានត្រឹមអង្គុយយំនឹកស្រណោះកូនស្រី ដែលបានត្រូវក្មេងជំទង់អាយុ១៤ឆ្នាំ បានវាយធ្វើបាប ប៉ះទង្គិចដល់ខួរក្បាល បណ្តាលឲ្យមានឈាមកកក្នុងខួរក្បាលទាំងក្មេងខ្ចី ពេលនេះគាត់លើកដៃសំពះ សុំឲ្យអាជ្ញាធរ មានសមត្ថកិច្ច មេត្តាជួយរកយុត្តិធម៌ឲ្យកូនស្រីគាត់ផង។
បើតាមការរៀបរាប់ពីម្តាយបង្កើតបានប្រាប់ឲ្យដឹងថា៖ កូនស្រីគាត់មានឈ្មោះ ជិន ស្រីមាស ហៅ អុីណា ភេទស្រី អាយុ០៥ឆ្នាំ បានស្លាប់កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ដោយមានឈាមកកក្នុងខួរក្បាល។ បងស្រីបានបន្តទៀតថា៖ ដោយមូលហេតុ ដោយសារក្មេងជំទង់បង្ក មានឈ្មោះ សុខ ហេងលី ភេទប្រុស អាយុ ១៤ឆ្នាំ សព្វថ្ងៃស់នៅភូមិតាម៉ៅកណ្តាល ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ (រស់នៅភូមិ ឃុំ ជាមួយគ្នា) បានយកដុំឥដ្ឋវាយមកលើក្មេងស្រី ចំក្បាលពីក្រោយ និងត្រូវស្មារ កើតហេតុនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃ ខែ ឆ្នាំខាងលើនេះកូនស្រីគាត់បានស្លាប់ទាំងមិនទាន់ទទួលបានភាពយុត្តិធម៌នៅឡើយ។
ស្ត្រីជាម្តាយបានបន្តថា៖ នៅពេលនេះគាត់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលហើយ ដោយពុំត្រូវរ៉ូវគ្នា ក៏បានបញ្ជូនសំណុំរឿងមកអធិការនគរបាលស្រុក ហើយខាងក្រុមគ្រួសារខាងក្មេងបង្ក សម្របសម្រួល សងគាត់ចំនួន ពីរលានរៀល ដើម្បីបញ្ចប់រឿងនៅអធិការស្រុក តែគាត់មិនព្រមទទួល ព្រោះនេះគាត់នឹកអាណិតកូនស្រីគាត់ ហើយទ្រាំសម្រក់ទឹកភ្នែកអស់ជាច្រើនខែ ទើបពេលនេះយកប្រាក់មកសម្របសម្រួល គាត់មិនអាចទទួលយកបាននោះទេ។
ជាចុងក្រោយម្ដាយក្មេងស្រីរងគ្រោះ បានសំណូមពរដល់អាជ្ញាធរ មានសមត្ថកិច្ច មេត្តាជួយរកអយុត្តិធម៌ ឲ្យកូនស្រីគាត់ផង ព្រោះគាត់មានអ្វីជាទីពឹងទេ មានតែលើកដៃសំពះអង្វរ សូមឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសសូមលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ មេត្តាចាត់ការ និងជួយរកភាពយុត្តិធម៌ឲ្យក្មេងស្រីដែលរងគ្រោះនេះផង៕ ពាក់ព័ន្ធបញ្ហាខាងលើអង្គភាពគេហទំព័ររស្មីជាយដែនយើងមិនអាចសុំការបំភ្លឺពីជនបង្កបាននោះទេ ដោយគ្មានលេខទូរស័ព្ទអង្គយើងនិងរង់ចាំការរៀងរាល់ម៉ោងធ្វើការ៕