មានជម្លោះជាមួយគូដណ្តឹង លេបថ្នាំងងុយដេក សម្លាប់ខ្លួនឯង
ខេត្តបាត់ដំបង៖នារីវ័យក្មេងម្នាក់បានគិតខ្លីសម្រេចធ្វើអត្តឃាត ដោយលេបថ្នាំងងុយដេក សម្លាប់ខ្លួនឯងព្រោះតែជម្លោះគ្នាជាមួយបុរសជាគូរដណ្តឹង។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើង នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលនារីរងគ្រោះមានឈ្មោះ គឹម សូវៀត ហៅ ស្រីខួច អាយុ២០ឆ្នាំ រស់នៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រោយពីជួបហេតុការណ៍នេះភ្លាម ក្រុមគ្រួសារនារីរងគ្រោះបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ ប៉ុន្តែជាអកុសល នៅពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ខាងក្រុមគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
បច្ចុប្បន្នសាកសពនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកត្រឡប់ទៅគេហដ្ឋានវិញ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕