សមត្ថកិច្ចបង្ក្រាបទីតាំងអិនធឺណែត(internet) បង្កប់ល្បែងស៊ីសងពីរកន្លែង ដោយឃាត់ខ្លួនមនុស្ស ១២នាក់និងសម្ភារៈមួយចំនួនធំ
ខេត្តបាត់ដំបង៖កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបនិងកម្លាំងនគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងអិនធឺណែត(internet)បង្កប់ ល្បែងស៊ីសងខុសច្បាប់ចំនួនពីរកន្លែងក្នុងបទល្មើសជាក់ស្តែង។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការអនុញ្ញាតពីឯកឧត្តមគឺ ប៊ុណ្ណា រ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ ជាក់ស្តែងនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំងនគរបាលក្នុងផែន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប និងកម្លាំងនគរបាល ក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការ បានចុះបង្ក្រាបទីតាំង អិនធឺណែត (Inthernet) ដែលសង្ស័យថាមានបង្កប់ល្បែងស៊ីសងខុសច្បាប់(ភ្នាល់បាល់តាមប្រព័ន្ធអិនធឺណែត) ចំនួន០២ទីតាំងស្ថិតនៅក្នុងក្រុមទី០៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនអ្នកពាក់ព័ន្ធ ប្រុសស្រីចំនួន១២នាក់ និងរឹបអូសវត្ថុមួយចំនួនធំផងដែរ បញ្ជូនទៅកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ទីតាំងដែលបានបើកប្រកបមុខរបរអិនធឺណែត (Internet )ដែលមាន ច្បាប់អនុញ្ញាតត្រឹមត្រូវ តែមានលួចលាក់បង្កប់នូវសកម្មភាព ល្បែងស៊ីសងដោយខុសច្បាប់នោះ សមត្ថកិច្ចនឹងចាត់វិធានការបង្រ្កាបនិងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ដូច្នេះម្ចាស់ទីតាំងដែលកំពុងប្រកបមុខរបរនេះ សូមកុំប្រព្រឹត្តសកម្មភាពល្មើស ច្បាប់ឱ្យសោះ។
ហើយចំពោះមុខ ជនសង្ស័យពាក់ព័ន្ធប្រុសស្រីទាំង១២នាក់រួមនឹងវត្ថុតាង រហូតមកដល់ពេលនេះត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕