ជនសង្ស័យចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីបន្តនិតិវិធី
ខេត្តបន្ទាយមានជ័យ៖ជានសង្ស័យចំនួន៣នាក់ដែល ជាប់ពាក់ព័ន្ធទៅនឹងករណីចែកចាយគ្រឿងញៀននោះ ត្រូវបានអាវុធហត្ថ បញ្ជូនខ្លួនទៅតុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីឃាត់ខ្លួនយកមកសាកសួរ។
បើតាមអាវុធហត្ថបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីចែកចាយគ្រឿងញៀន លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ជឿន បារាំង ភេទប្រុស អាយុ២៤ឆ្នាំ នឹងដកហូតវត្ថុតាងគ្រឿងញៀន ម្សៅក្រាមពណ៌សថ្លាចំនួន០៣កូនថង់ និងគ្រាប់ថ្នាំយ៉ាម៉ាចំនួន០៥គ្រាប់។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ ហើយសួរនាំទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀត១/ឈ្មោះ ហឹម ភា ភេទប្រុស អាយុ៣៨ឆ្នាំ និង២/ឈ្មោះ ហឹម ភាន ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វេលាម៉ោង២១ និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។
លោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធក្រុង បានឱ្យដឹងថា ក្រោយពីសាកសួរចម្លើយរួចមក ជនសង្ស័យម្នាក់ឈ្មោះ ជឿន បារាំង ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ចំណែកជនសង្ស័យ០២នាក់ទៀតពាក់ពាក់ព័ន្ធករណី ប្រើប្រាស់នូវសារធាតុដោយខុសច្បាប់។ដោយបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញបទល្មើសគ្រឿងញៀនអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត រួចកកម្លាំងជំនាញបទល្មើសគ្រឿងញៀនអាវុធខេត្ត បញ្ជូនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕