អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពី លោក ថោង ប៊ុនធឿន និងលោកស្រី ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
ខេត្តស្វាយរៀង៖ឯកឧត្ដមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក ថោង ប៊ុនធឿន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ (ម្ចាស់ឱសថស្ថានអរុណរះ)នៅសាលប្រជុំរំដួលអគារ ក សាលាខេត្ត ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងខេត្ត។
អំណោយទាំងនោះរួមមានៈអង្ករ២តោន មី២០កេស ត្រីខ២០ឡូ ម៉ាស២កេស ស្មើនឹង៥០០០ម៉ាស អាល់កុល ៦០លីត្រ និងថវិកា១លានរៀល។
នាឱកាសនោះឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះ លោក ថោង ប៊ុនធឿន និងក្រុមគ្រួសារ ដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិកាផ្ទាល់ខ្លួន ក្នុងផ្តល់ឱ្យរដ្ឋបាលខេត្តសម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕