ក្រុមការងារយុវជន ស.ស.យ.ក ខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយពីវិធានការ ការពារជម្ងឺកូវីដ១៩ នៅតាមតំបន់ដាច់ស្រយាល
ខេត្តប៉ៃលិន៖ដោយមានការណែនាំពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន រហូតមកដល់ពេលនេះ ក្រុមការងារបានបន្តចុះធ្វើការផ្សព្វផ្សាយពីវិធានការ ការពារ ទប់ស្កាត់ ការរីករាលនៃជម្ងឺកូវីដ-១៩ ហើយក៏បាននាំយក ម៉ាស់ ជែលអាល់កុល និងទឹកអាល់កុល ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន សម្រាប់ប្រើប្រាស់ ដើម្បីការពារចំពោះបញ្ហាជម្ងឺដ៏កាចសាហាវមួយនេះ។បើទោះបី ជានៅក្នុងខេត្តប៉ៃលិន មិនទាន់មានករណីប្រជាពលរដ្ឋណាម្នាក់ ឆ្លងជម្ងឺកូវីដ១៩ នេះក៏ដោយ ក៏ការការពារ ប្រសើរជាងការព្យាបាលផងដែរ ។
ជាក់ស្តែងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារយុវ ជន ស.ស.យ.ក សង្កាត់បរយ៉ាខា បន្ទាប់ពីទទួលបានការណែនាំពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះធ្វើការអប់រំណែនាំជូនប្រជាពល រដ្ឋ ឱ្យកាន់តែយល់ដឹងច្បាស់ពីរបៀបការពារ កុំឱ្យមានការឆ្លងជម្ងឺកូវីដ១៩ ដល់ក្រុមគ្រួសារ និងសហគមន៍ផងដែរ ។
បើតាមការរៀបរាប់ពីលោក ខេម សុវណ្ណារិទ្ធ ប្រធាន ស.ស.យ.ក សង្កាត់បរយ៉ាខា បានរៀបរាប់ឱ្យដឹងថា៖ក្រុមការងាររបស់លោក បានធ្វើការចុះអប់រំណែនាំដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់បរយ៉ាខា ចំនួន៧ភូមិ ដោយឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវលាងដៃនឹងសាប៊ូឱ្យបានជាប់ជានិច្ច ក៏ត្រូវប្រើទឹកអាល់កុល ឬជែល ដើម្បីការពារ កុំឱ្យមានការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ និងត្រូវចូលរួមទាំងអស់គ្នា ទើបអាចទទួលបានជោគជ័យ ។ លោកបញ្ជាក់ទៀតថា ការចុះអប់រំពាក់ព័ន្ធនឹងបញ្ហានេះ គឺធ្វើឡើងចំនួនពីរលើកមកហើយ ដោយថ្ងៃនេះ គឺអប់រំបន្តរហូតដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិនានក្នុងសង្កាត់បរយ៉ាខាទាំងមូល អាចយល់ដឹងពីការការពារផងដែរ ។
សូមបញ្ជាក់ថា ក្រុមការងារ ស.ស.យ.ក ខេត្តប៉ៃលិន ទាំង៨ឃុំ សង្កាត់ គឺបានបែងចែកគ្នាចុះធ្វើការនៅតាមមូលដ្ឋានរបស់ខ្លួន ជារៀងរាល់ថ្ងៃដូចភ្លៀងរលឹម ដើម្បីបញ្ជ្រៀបព័ត៌មាននេះ ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយល់ដឹងខ្ពស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺកូវីដ១៩ ព្រមទាំងរស់នៅត្រូវមានអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីថែរក្សាសុខភាពឱ្យមាំមួន បំពេញការងារយ៉ាងរលូន៕