ប្រាសាទកំពូលបីជានិមិត្តរូបរបស់ខ្មែរ ដែលស្ទួចពីច្រកទ្វាអន្តរជាតិប៉ោយប៉ែត យកទៅទុកនៅវត្តអូរ ឬស្សី ត្រូវបានអាជ្ញាធរមូលដ្ឋាន និងព្រះសង្ឃធ្វើពិធីក្រុងពាលីបុកគ្រឹះបណ្តុះសសរ ធ្វើជាខ្លោងទ្វាវត្ត
ខេត្តបន្ទាយមានជ័យ៖ប្រាសាទកំពូលបីដែលជានិមិត្តរូបរបស់ខ្មែរ ដែលមហាជនបានឃើញនៅមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែតរាប់សិបឆ្នាំកន្លងមកហើយនោះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២០ អាជ្ញាធរមូលដ្ឋានពុទ្ធបរិស័ទនិងព្រះសង្ឃ បានរៀបចំពិធីក្រុងពាលីតាមបែបបទព្រះពុទ្ធសាសនារបស់ខ្មែរ ដើម្បីបុកគ្រឹះបណ្តុះសសរដាក់ប្រសាទកំពូលបី ធ្វើជាឃ្លោងទ្វាវត្តអូរឬស្សី ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសារាជរដ្ឋាភិបាលកសាងជំនួសមកវិញនូវអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មីដ៏ធំមួយមានកំពស់៣ជាន់ និងមានអគារសម្រាប់បំពេញបែបបទឆ្លងច្រកព្រំដែនថ្មីរំលេច ដោយក្បូក្បាច់រចនាបថខ្មែរយ៉ាងល្អប្រណីត ដែលជាការលើកកម្ពស់សម្រស់ដែនដីកម្ពុជានៅ ច្រកទ្វារប៉ោយប៉ែតឲ្យលេចត្រដែតឡើងមិនដូចពី អតីតកាលទៀតនោះឡើយ។
សូមបញ្ជាក់ដែរថា ប្រាសាទកំពូលបីទាំងមូល ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត ឲ្យជំនាញធ្វើការកាត់ ជាចំណែកៗ ដើម្បីងាយស្រួលក្នុងការស្ទូច យកទៅរក្សាទុកនៅចំណុចបរិវេណកាស៊ីណូ ក្រែនដាយ ម៉ិន ស៊ីធី បណ្តោះអាសន្នសិន នៅក្នុងអំឡុងឆ្នាំ២០១៨ ដែលអាជ្ញាធរក្រុងជំនាន់លោកសាន ស៊ាន ហូន ជាអភិបាលក្រុង គ្រោងនឹងយកមកដាក់នៅចំណុចរង្វង់ ធ្វើជារង្វង់មូលឋានសួរ ដែលរចនា បែបបទជារបស់ខ្មែរសុទ្ធសាធ ដោយចំណាយទឹកប្រាក់រហូតទៅដល់៥០ម៉ឺនដុល្លា ក្រោយមកពោលគឺកាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ត្រូវបានអាជ្ញាធរក្រុង រុះរើកម្ទេចចោលវិញ បន្ទាប់ពីមាន លិខិតចំណារបស់ក្រសួងមហាផ្ទៃ ។
បើតាមលោក សាំង ឃឿន មេភូមិអូឬស្សីបានឲ្យដឹងថា ដោយសារប្រាសាទកំពូលបីខាងលើ នេះ កាត់យកមកហើយទុកចោល ដោយគ្មានអ្នកថែរក្សារឲ្យបានត្រឹមត្រូវហើយនៅបរិវេណនោះ មាន លាមកមនុស្ស សត្វ និងមានអ្នកជួកគ្រឿងញៀនចោលសំរាមពាសវាលពាសកាលធ្វើឲ្យស្អុយ ឆ្អាបឆ្អេះ ថែមទៀត ដោយមានការសោកស្តាយ ទើបលោកសម្រេចចិត្ត ស្នើសុំថ្នាក់ដឹកនាំក្រុង ខេត្ត ដើម្បីយកមករក្សារទុកនៅទីវត្តអារាម ដោយចំណាយថវិកាពីសប្បុរសជន ពុទ្ធបរិស័ទ ដើម្បីដឹក ជញ្ជូនយកមកទុកនៅខាងមុខវត្ត លុះមកដល់ពេលនេះបានរៀបចំធ្វើពិធីក្រុងពា លីបុកគ្រឹះបណ្តុះ សសរធ្វើជាខ្លោងទ្វាវត្តតែម្តងទៅ ដោយចំណាយថវិការប្រមាណជា៣ ទៅ៤ម៉ឺនដុល្លា ជាថវិការបស់ សប្បុរសជន ពុទ្ធបរិស័ទនានា ជួយឧបត្តម្ភ៕