ឃាតកម្មសាហាវព្រៃផ្សៃ! នាយរងប៉ុស្ដិ៍បាញ់សម្លាប់នាយប៉ុស្តិ៍ចុងព្រិច និងបាញ់សម្លាប់នគរបាលម្នាក់ទៀត ក្រោយមកបាញ់សម្លាប់ខ្លួនឯងតាមក្រោយ
ខេត្តឧត្តរមានជ័យ៖សមត្ថកិច្ចខេត្តឧត្តរមានជ័យបានដឹងថានៅ វេលាម៉ោង១៤និង៣៥នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីឃាតកម្មកើតឡើងនៅប៉ុស្តិ៍នគរបាលព្រំដែន(ចុងព្រិច)ស្ថិត ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង បង្កឡើងដោយឈ្មោះ អុំ ឈយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានៈនាយរងប៉ុស្តិ៍ចុងព្រិច នគរបាលការពារព្រំដែន៩០៥ បានយកអាវុធប្រភេទAk ៤៧ បាញ់ទៅលើ ឈ្មោះ ហ៊ុន ប៊ី ភេទប្រុស អាយុ៥១ឆ្នាំ នាយប៉ុស្តិ៍ចុងព្រិច ចំនួន០២គ្រាប់ចំពោះ ធ្លាយពោះវៀនចេញក្រៅ បណ្តាលអោយស្លាប់មួយរំពេច «មូលហេតុមេប៉ុស្តិ៍ឃាត់មិនអោយយកអាវុធចេញពីអង្គភាព»។
សមត្ថកិច្ចបានបន្តថា ក្រោយមកជនដៃដល់បានដើរតាមផ្លូវយុទ្ធសាស្រ្ត ហើយលោកលោកអនុសេនីយ៍ឯក ស្រេង រាសី ប្រុសអាយុ៤៩ឆ្នាំ នាយផ្នែកស៊ើបការ បានដឹងព័ត៌មានក៏ជិះរថយន្ត ទៅរកដើម្បីដកយកអាវុធ ស្រាប់តែបើករថយន្ពទៅទិសខាងលិច បានពីរគីឡូម៉ែត្រពីផ្លូវជាតិ៦៧(តាមផ្លូវយុទ្ធសាស្ត្រ) ស្រាប់តែជួប ជនដៃដល់(អុំ ឈយ) ពេលនោះ ជនរងគ្រោះ ឈ្មោះ ស្រេង រាសី បានសុំយកអាវុធ ស្រាប់តែជនដៃដល់បាញ់ចំនួន០១គ្រាប់ ចំក្រោមក្លៀកខាងស្តាំ ទៅលើឈ្មោះ ស្រេង រាសី ភេទប្រុស អាយុ៤៩ឆ្នាំ នាយផ្នែកស៊ើបការ នគរបាល៩០៥ បណ្តាលអោយរបួសធ្ងន់បញ្ជូនមកដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែងក៏ស្លាប់។
ក្រោយមកជនដៃដល់ បានដើរចេញពីកន្លែងកើតហេតុប្រហែល១គីឡូម៉ែត្រ ដល់មុខ ផ្ទះមេភូមិជើងភ្នំ ក៏បាញ់ខ្លួនឯងចំនួន០២គ្រាប់ ក្រោមចង្កា ធ្លាយទៅក្បាល បណ្តាលអោយស្លាប់ នៅនឹងកន្លែង។មូលហេតុ ជនដៃដល់ផឹកស្រាស្រវឹង កន្លងមកធ្លាប់កើតជំងឺសរសៃប្រាសាទ។បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕