បង្រ្កាបទីតាំងហ្គេមបាញ់ត្រី និងឃាត់ខ្លួនមនុស្សប្រុស ស្រី ជាច្រើននាក់ រួមទាំងជនជាតិបរទេសផងដែរ
រាជធានីភ្នំពេញ៖មនុស្សប្រុស ស្រី ជាច្រើននាក់ រួមទាំងជនជាតិបរទេសផងដែរ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរង បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជថានីភ្នំពេញ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នៅ ចំណុចទីតាំងយីហោ(មជ្ឈមណ្ឌល កម្សាន្ត ហ៊ួយ ឈាវ )ស្ថិតនៅតាមបណ្ដោយ ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានធ្វើការឃាត់ខ្លួនមនុស្ស ប្រុស ស្រីចំនួន១២នាក់មានទាំងជនបរទេសទៀតផងនិងបានដកហូតបាន ទូរហ្គេមបាញ់ត្រី មួយចំនួនផងដែរ។
អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ដោយសារតែមានការយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដាក់បទបញ្ជាត្រូវតែបង្ក្រាបឱ្យអស់ នូវបទល្មើសល្បែងស៊ីសងខុសច្បាប់ ជាពិសេសប្រភេទហ្គេមបាញ់ត្រី ព្រោះនៅពេលកើតឡើងវាច្បាស់ជាបង្កហានិភ័យធ្វើឱ្យក្មេងៗគេចសាលារត់មកចូលលេងនិងកើតចោរកម្មដោយសារល្បែងស៊ីសង។
ដូច្នេះហើយ ទើបកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌចំការមន ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាលខណ្ឌឱ្យលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន ក៏ដូចជាលោក ហាយ សិទ្ធី ប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៍ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះមានទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងនគរបាលនិងមេភូមិ មន្ត្រីសាលាសង្កាត់ ដែលបានចូលរួមប្រតិបត្តិការ បានឆ្មក់ ចុះបង្ក្រាប ទីតាំងហ្គេមបាញ់ត្រី យីហោ (មណ្ឌល កម្សាន្ត ហ៊ួយ ឈាវ)បង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រីដែលមានជិត២០ទូឯណោះ។ប្រតិបត្តិការនេះបានឃាត់ ខ្លួន មនុស្ស ប្រុស ស្រី ដែលជាបុគ្គលិកក៏ដូចជា ភ្ញៀវចូលលេង ចំនួន១២នាក់ និងដកហូតវត្ថុ តាងទូហ្គេមបាញ់ត្រី មួយចំនួនផងដែរ។
លោក កែវ សំណាង អភិបាលរងខណ្ឌចំការមនបានបញ្ជាក់ថា ករណីបង្រ្កាបល្បែងស៊ីសងខុសច្បាប់ខាងលើ ក្រោយពេលឃាត់ខ្លួនអ្នកញៀនល្បែង និងបុគ្គលិកប្រុស ស្រី ទាំង១២នាក់យើងបានប្រគល់ឱ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់ យកទៅអប់រំ និងឱ្យគ្រួសារមកធានាឈប់ប្រព្រឹត្តល្បែងស៊ីសងបន្តទៀត ព្រោះវាអាចបំផ្លាញទ្រព្យសម្បត្តិរបស់យើងនិងគ្រួសារ។
ដោយឡែកបើបានពិនិត្យឃើញអ្នកដែលឃាត់ខ្លួនមានប្រើប្រាស់គ្រឿងញៀន គឺត្រូវបញ្ជូនទៅមណ្ឌលឱកាសខ្ញុំដើម្បីបន្សាបគ្រឿងញៀន។ចំណែកវត្ថុតាងទូហ្គេមបាញ់ ត្រី បានឱ្យកម្លាំង គណៈបញ្ជាការ ឯកភាពខណ្ឌចំការមន ដកហូតយកទៅរក្សាទុក នៅសាលាខណ្ឌ ដើម្បីចាត់ការតាម និតិវិធី ច្បាប់៕