រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២១និង២០២៣
ខេត្តបន្ទាយមានជ័យ៖ក្នុងវេទិកាពិគ្រោះយោបល់ស្ដីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២១ដល់ឆ្នាំ២០២៣ នៅព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងសាលប្រជុំសាលាខេត្ត លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដើម្បីប្រយោជន៍ដល់ការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយតម្លាភាពមានការចូលរួមដើម្បីពង្រឹងការអនុវត្តនូវគោលការណ៍ទាំង៩ និងវប្បធម៌ប្រជាធិបតេយ្យក្នុងដំណើរប្រព្រឹត្តទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់បណ្ដារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងនោះមានការចូលរួម សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធជាច្រើននាក់។
លោកអោម ចន្ថា បន្តទៀតថា ការរៀបចំវេទិការពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត គឺចង់បង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលការអភិវឌ្ឍជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកបញ្ចាក់ទៀតថា វេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវព្យាយាមត្រង់ត្រាប់ស្ដាប់ និងកត់ត្រានូវព័ត៌មានសំខាន់ៗ ពិសេសពាក់ព័ន្ធទៅនឹងឈ្មោះមន្ទីរ អង្គភាព ដៃគូអភិវឌ្ឍអង្គការ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តគម្រោងក្នុងដែនដីរបស់ខ្លួនព្រមទាំងឈ្មោះគម្រោង ទីតាំងគម្រោងដែលត្រូវអនុវត្តដោយតម្លាភាព សង្ឃឹមថា នឹងអាចឈានទៅដល់ការសម្របសម្រួលគ្នា ដើម្បីឲ្យការវិនិយោគ និងការអភិវឌ្ឍនៅមូលដ្ឋានប្រព្រឹត្តទៅប្រកបដោយរលូន និងឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕