កាប់ប្លន់ស្រ្តីម្នាក់យកគ្រឿងអលង្ការ នៅស្រុកអង្គស្នួល ចាប់បាននៅខណ្ឌកំបូល
រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាប់ និងវាយទៅលើស្រ្តីម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងររហូតសន្លប់ស្ដូកស្ដឹងប្លន់យកគ្រឿងអលង្ការ បន្ទាប់មកបានព្យាយាមលូនគេចខ្លួនកាត់ស្រូវ ហើយត្រូវបានប្រជាពលរដ្ឋនិងកម្លាំងប្រជាការពាររកឃើញចាប់បានរួចព្រួតវាយ បណ្ដាលឲ្យរងរបួសស្ទើរស្លាប់ស្ទើររស់។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវាលស្រៃភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ហើយរហូតដល់វេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃដដែលទើបតាមរកជនសង្ស័យឃើញនិងចាប់ខ្លួននៅត្រង់ចំណុចវាលស្រែភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះជិន ស្រីតូច អាយុប្រហែល៣០ឆ្នាំ មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ រងរបួសក្បាលធ្ងន់ធ្ងរកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញហើយ បាត់បង់ខ្សែក ចិញ្ចៀន ខ្សែដៃ ក្រវិលមាស សរុបជាង១តម្លឹង។ដោយឡែកជនសង្ស័យមានអាយុប្រមាណ៤០ឆ្នាំ សម្បុរខ្មៅ សក់ខ្លៅ ស្លៀកខោខូវប៊យជើងខ្លីពណ៍ខៀវ ពាក់អាវយឺតដៃខ្លីពណ៍ខ្មីមានសរសេរអក្សរអង់គ្លេសថា«Rakuten» ប្រដាប់ដោយពូថៅដៃ១និងពិលពាក់ក្បាល១។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានទៅមើលទឹកស្រែ ស្ថិតនៅឯវាលស្រែត្រពាំងវែង ក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយខណៈនោះនាងបានពាក់គ្រឿងអលង្ការខាងលើទៅជាមួយផងដែរ ហើយបានជួបជនសង្ស័យកំពុងស្ថិតនៅទីនោះដែរ។
ដោយឃើញស្រ្តីរងគ្រោះមានតែម្នាក់ឯងហើយមានពាក់គ្រឿងអលង្ការផងនោះ ជនសង្ស័យក៏បានធ្វើសកម្មភាពកាប់ និងវាយប្លន់តែម្ដង បណ្ដាលឲ្យនាងរងរបួសធ្ងន់ធ្ងរសន្លប់បាត់ស្មារតីរួចហើយជននេះបានគេចខ្លួនបាត់ស្រមោល។
ប្រភពខាងលើបានបន្តទៀតថា ខណៈនោះគ្មាននរណាបានដឹងទេព្រោះចំពេលស្ងាត់ ប៉ុន្តែ១ម៉ោងក្រោយមកស្រ្តីរងគ្រោះបានដឹងខ្លួនឡើងវិញហើយបានដើរទាំងត្រដរនិងស្រែកឲ្យគេជួយបង្កឲ្យមានការភ្ញាក់ផ្អើល ទើបកម្លាំងប្រជាការពារសង្កាត់បឹងធំខណ្ឌកំបូល ដែលស្ថិតនៅជិតនោះស្រែកប្រកាលតាមវិទ្យុទាក់ទង ហើយកម្លាំងប្រជាការពារសង្កាត់កន្ទោកខណ្ឌកំបូល ក៏បានចេញជួយស្ទាក់ដោយមានប្រជាពលរដ្ឋជាច្រើនជួយតាមរកដែរ។
បន្ទាប់មកបានរុករកតាមស្នាមដែលជនសង្ស័យលូនកាត់ស្រូវ លុះដល់វេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃដដែល ទើបប្រទះឃើញជនសង្ស័យនៅចំណុចភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏ចាប់ខ្លួនបានហើយប្រជាពលរដ្ឋព្រួតវាយរហូតសន្លប់បាត់ស្មារតីតែម្ដង បន្ទាប់មកទើបនគរបាលទៅដល់ឆែករកមើលមិនឃើញមានគ្រឿងអលង្ការនៅជាប់ខ្លួនទើបយកទៅសង្គ្រោះសិន៕