ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ក្រុមហ៊ុន គីម ស៊ាន គ្រុប និងចាប់គូប្រកួតកីឡា បាល់ទាត់ និងបាល់ទះ
ខេត្តកណ្ដាល៖មានប្រសាសន៍ក្នុងពិធីសម្ពោធក្រុមហ៊ុន គីម ស៊ាន គ្រុប និងចាប់គូប្រកួតកីឡា បាល់ទាត់ និងបាល់ទះ ស្ថិនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍លើកឡើងថា លើកស្ទួយវិស័យកីឡា របស់ក្រុមហ៊ុន គីម ស៊ាន គ្រុប គឺជាការលើកកម្ពស់សុខមាលភាព ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺយុវជន ឱ្យពួកគាត់ចូលរួមលេងកីឡា ដើម្បីសុខភាព និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗនៅក្នុងសហគមន៍។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ការពារ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បន្តទៀត គឺត្រូវសម្អាតអនាម័យ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ជែល ឬអាល់កុលឱ្យបានញឹកញាប់ និងពាក់ម៉ាសនៅពេលធ្វើដំណើរចេញពីផ្ទះ ព្រមទាំងរក្សាគម្លាតពីគ្នាយ៉ាងតិចអោយបានមួយម៉ែត្រកន្លះឡើងទៅ ដើម្បីការពាររលកទី២ នៃជំងឺកូវីដ-១៩។
លោក ពុយ សុខហ៊ង ប្រធានក្រុមហ៊ុន គីម ស៊ាន គ្រុប បានឱ្យដឹងថា សម្រាប់ការប្រកួតបាល់ទាត់ មានចំនួន៦ ក្រុម ដែរនឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី១៤-១៥ ខែវិច្ឆិកាខាងមុខនេះ និងកីឡាបាល់ទះមាន៤ក្រុម ដែលនឹងត្រូវប្រកួតនៅថ្ងៃទី២១-២២ ខែវិច្ឆិកាឆ្នាំ២០២០ ខាងមុខនេះដែរ៕