លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២១-២០២៣) នៅថ្នាក់ស្រុកឆ្នាំ២០២០
ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២១-២០២៣) នៅថ្នាក់ស្រុកឆ្នាំ២០២០ នៅសាលាស្រុកស្វាយជ្រំ ក្រោមអធិបតីភាពលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោកកងកម្លាំងចំណុះសាលាស្រុក លោកមេឃុំ ស្មៀនឃុំទាំង១៦ និងមន្ត្រីរាជការសាលាស្រុក ព្រមទាំងតំណាងអង្គការដៃគូ និងអ្នកពាក់ព័ន្ធនានា សរុបចំនួន៧៥នាក់ ស្រី១៩នាក់ផងដែរ។
លទ្ធផលនៃអង្គសិក្ខាសាលានៅឆ្នាំ២០២១ខាងមុខ គម្រោងវិនិយោគស្រុកស្វាយជ្រំ មានចំនួន២៦ គម្រោង មានការសន្យាគាំទ្រចំនួន៨ គម្រោង ស្មើនឹង៣០,៧៦% នឹងគម្រោងវិនិយោគឃុំទាំង១៦ ក្នុងស្រុក មានចំនួន៧៩០ គម្រោង មានការសន្យាគាំទ្រ ចំនួន២៨៤ គម្រោង ស្មើនឹង៣៥, ៩៥ % ក្នុងនោះមានការសន្យាគាំទ្រក្រៅគម្រោង មានចំនួន១០១ គម្រោង ស្មើនឹង៣៥,៥៦ % ហើយមានការសន្យាគាំទ្រក្នុងគម្រោង មានចំនួន១៨៣ គម្រោង ស្មើនឹង៦៤, ៤៤ %ផងដែរ៕