ប្រទះឃើញស្ត្រីម្នាក់ និងកូនប្រុសម្នាក់ចងក នៅមុខផ្ទះបាយបង្កការភ្ញាក់ផ្អើល នៅស្វាយរៀង
ខេត្តស្វាយរៀង៖មិនដឹងថាអន់ចិត្តរឿងម្ដាយស្ដីបន្ទោសឬក៏អ្វី បានជាចងក ធ្វើអត្តឃាតពីនាក់ម្តាយនឹងកូននៅមុខផ្ទះបាយបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០២០ ស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
ស្ត្រីរងគ្រោះមានឈ្មោះលឹម មុំ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងកូនប្រុសមានឈ្មោះ យ៉េន តុលា អាយុប្រមាណជាង១ខួប រស់នៅភូមិចុងព្រែក ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានមកលេងផ្ទះម្ដាយនៅស្រុកកំណើត ក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្ដីស្ត្រីជាម្ដាយឈ្មោះមាស ចន្ថា អាយុ៥៧ឆ្នាំ មុខរបរកសិករបានឱ្យដឹងថា កូនស្រីគាត់បានយកកូនប្រុសមកលេងផ្ទះគាត់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ។បន្ទាប់ពីមកលេងស្រុកកូនស្រីគាត់បានផឹកស្រាស្រវឹង ហើយត្រូវបានគាត់និយាយលួងលោមកុំឱ្យផឹកស្រាទៀតអី ព្រោះវាមិនល្អទេនាំឱ្យខ្មាសញាតិជិតខាង ប៉ុន្តែមិនដឹងជាកូនស្រីគាត់អន់ចិត្តនឹងគាត់ជាម្ដាយស្ដីបន្ទោសឬក៏អ្វីនោះទេ ស្រាប់តែមួយសន្ទុះគាត់ដើរមកមុខផ្ទះបាយឃើញកូននិងចៅចងកស្លាប់ទាំងម្ដាយនិងកូនទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
ស្ត្រីនេះ បានលើកកូនប្រុសមកចងក និងក្រមាភ្ជាប់ទៅនឹងរបារដែករោងបាយ ហើយក្រោយមកក៏បានយកខ្សែភ្លើងចងក ខ្លួនឯងភ្ជាប់ទៅនិងរបារដែកផ្ទះបាយក្បែរគ្នាស្លាប់តែម្ដង ដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថា ជារឿងឃាតកម្មនោះទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះធ្វើកោសល្យវិច្ច័យរួចបានប្រគល់សព ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕