ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រងផលប៉ះពាល់ដោយសាគ្រោះទឹកជំនន់ នៅស្រុកថ្មពួក ចំនួន២០២គ្រួសា ទទួលអំណោយពីមេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំគំរូ និងសហការី បានដឹកនាំសមាគមអង្គរ សហការជាមួយមូលនិធិករុណាខ្មែរ និងក្រុមអ្នកម្ដាយខេត្តបាត់ដំបង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក និងមានជីវភាពខ្វះខាត ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួន២០២គ្រួសារ ក្នុងនោះ០២គ្រួសារដែលស្លាប់ដោយលង់ទឹកផងដែរ។
ពិធីនេះប្រារព្ធធ្វើឡើងនៅផ្សារធំគំរូថ្មី ស្ថិតក្នុងភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត។
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន២០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករទម្ងន់២៥គីឡូក្រាម,មី០១កេស,ត្រីខ០១យួរ,ទឹកត្រី០៣ដប,ទឹកស៊ីអ៊ីវ០៣ដប, ស្ករស០១គីឡូក្រាម, អំបិលអ៊ីយ៉ូត០១គីឡូក្រាម,ទឹកសុទ្ធ០១យួរ,ថ្នាំប៉ារ៉ា០២បន្ទះ និងថវិកាចំនួន៣០,០០០រៀល។ដោយឡែក០២គ្រួសារដែលលង់ទឹកស្លាប់ ក្នុង០១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម,ទឹកសុទ្ធវីតាល់០១កេស,មី០១កេស,ទឹកត្រី០១យួរ,ទឹកស៊ីអ៊ីវ០១យួរ, និងថវិកាចំនួន៥១៤,៥០០រៀល(ហាសិបមួយម៉ឺនបួនពាន់ប្រាំរយរៀល)។ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត និងក្រុមការងារ បានឧបត្ថម្ភដល់កងកម្លាំងអាវុធហត្ថ, នគរបាល,យោធា,ប្រជាការពារ,យុវជនស.ស.យ.ក ចំនួន៧១នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០,០០០រៀលផងដែរ៕