នាយឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី អញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គហ្វឹកហ្វឺនពង្រឹងរបៀបរៀបរយ ឆ្នាំ២០២០
ខេត្តកណ្ដាល៖ក្នុងឱកាស បិទវគ្គហ្វឹកហ្វឺនពង្រឹងរបៀបរៀបរយឆ្នាំ២០២០ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស និងលោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពងខ្ពស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនោះ លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនពង្រឹងរបៀបរៀបរយ ឆ្នាំ២០២០មានរយៈពេល៩១ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ដោយសិក្ខាកាមចំនួន៦០នាក់ និងគ្រូចំនួន១១នាក់ ។ក្នុងនោះគ្រូបង្គោលចំនួន៦នាក់ គ្រូជំនួយចំនួន៥នាក់ ដោយមិនគិតថ្ងៃបុណ្យ និងថ្ងៃឈប់សំរាក ដែលមកពីបណ្តាផ្នែកសឹករង ស្រុក ក្រុង វរសេនាតូចលេខ១ និងទីបញ្ជាការ។
លោកបន្តថា ក្នុងវគ្គហ្វឹកហ្វឺននេះ ក្រៅពីខ្លឹមសារនៃកម្មវិធីហ្វឹហ្វឺន អង្គភាពបានបង្កើតខ្លឹមសារមេរៀន ដោយបានអញ្ជើញមន្ត្រីសាលាដំបូងខេត្ត និងមន្ត្រីនៃស្នងការនគរបាលខេត្ត មកផ្សព្វផ្សាយច្បាប់ស្តីពីក្រមព្រហ្មទ័ណ្ឌ ច្បាប់ស្តីពីក្រមរដ្ឋប្បវេណី និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីឱ្យសិក្ខាកាមបានយល់ដឹងកាន់តែច្បាប់ថែមមួយកំរិតទៀត។
ថ្លែងក្នុងពិធីលោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានថ្លែងថា ការហ្វឹកហ្វឺនធនធានមនុស្សជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត សំដៅឱ្យនាយទាហាន នាយទាហានរង និងពលទាហាន ទទួលបាននូវកំរិតយល់ដឹង និងមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការបំពេញកាតព្វកិច្ចការពារឯករាជជាតិ អធិបតីភាព និងបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសចូលរួមក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះលោកក៏បានថ្លែងសរសើរដល់តំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានបង្កើតវគ្គនេះឡើង ឯកឧត្តមក៏បានសំណូមពរឱ្យបន្ថែមនូវមេរៀនស្តីពីច្បាប់នៃការត្រួតពិនិត្យគ្រឿងញៀន ដើម្បីសំដៅធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការប្រើប្រាស់ ការចរាចរណ៍ និងការផលិតគ្រឿញៀន នៅក្នុងមូលដ្ឋានខេត្តកណ្តាល និងទូទាំងប្រទេសផងដែរ។
ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកណ្ដាល និងសិក្ខាកាមទាំងអស់ថា ត្រូវគោរពឱ្យបាននូវវិន័យ អត្តចរិត សីលធម៌រស់នៅស្អាតស្អំ ឲ្យសមស្របទៅជាកងយោធពលខេមរភូមិន្ទ និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តភារកិច្ចតាមផែនការដែលថ្នាក់លើបានកំណត់ នឹងត្រូវចូលរួមទប់ស្កាត់ឲ្យបាននូវរាល់ចលនាបដិវត្តពណ៌ និងចលនាផ្សេងៗរបស់ពួកប្រឆាំងនិងអមិត្ត ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
ចំណែកការងារហ្វឹកហ្វឺន គឺជាការងារមួយសំខាន់ និងចាំបាច់បំផុត ក្នុងការបំពេញភារកិច្ចជំនាញ។ សិក្ខាកាមត្រូវប្រែក្លាយចំណេះដឹងដែលបាន ហ្វឹកហ្វឺនខិតខំរៀនសូត្រ អោយទៅជាសកម្មភាពជាក់ស្ដែង ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញភារកិច្ចឱ្យទទួលបានជោគជ័យ៕