ជនសង្ស័យ ដែលចាក់សម្លាប់បុរសម្នាក់ កាលពីយប់ថ្ងៃទី១ វិច្ឆិការក្នុងឃុំដូងនោះ សមត្ថកិច្ចឃាត់ខ្លួនបានហើយ
ខេត្តស្វាយរៀង៖ដោយមានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលបានចាក់សម្លាប់បុរសម្នាក់ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២០បានហើយ នៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិអកមួល ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះឆម តាក់ អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។ចំណែកឯជនរងគ្រោះមានឈ្មោះតូច សាវាន អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។
ជនសង្ស័យក្រោយពីឃាត់ខ្លួន សមត្ថកិច្ចនគរបាល នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីបន្តនិតិវិធី។
គួររំលឹកដែរថា បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនបន្តទៅសង្គ្រោះព្យាបាលនៅរាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យរស់នៅក្បែរផ្ទះគ្នាមានជម្លោះជាមួយប្រពន្ធ ហើយត្រូវបានជនរងគ្រោះស្រែកថាថ្លង់ណាស់រកដេកពួនមិនបានទើបបង្កជាហិង្សាចាក់សម្លាប់ផ្អើលទាំងយប់កាលពីវេលាម៉ោង១០និង៥នាទីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចភូមិស្វាយពក ឃុំដូង ស្រុករមាសហែក រួចរត់គេចខ្លួនបាត់ស្រមោល។
មុនពេលកើតហេតុសង្ស័យ បានជម្លោះទាស់ពាក្យសម្តីជាមួយប្រពន្ធយ៉ាងខ្លាំង រហូតឮសំឡេងរំខានដល់ជនរងគ្រោះដែលនៅផ្ទះក្បែរគ្នាក៏ស្រែកប្រាប់ថា ឈប់ឈ្លោះគ្នាទៅថ្លង់អ្នកជិតខាងណាស់ ទុកឲ្យគេឯងដេកពួនផង។ខណៈនោះស្រាប់តែជនសង្ស័យខឹងយ៉ាងខ្លាំង ក៏លោតផ្លោះរបងចូលទៅក្នុងផ្ទះជនរងគ្រោះ ដោយបានយកដែកចុងស្រួចចាក់លើជនរងគ្រោះចំនួន៣កន្លែងត្រូវចំពោះ១កន្លែង, ស្មាឆ្វេង១កន្លែងនិងលើត្រចៀកឆ្វេង១កន្លែងបណ្ដាលឱ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើល។ក្រោយមកក្រុមគ្រួសារបានយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុករមាសហែក តែដោយរបួសធ្ងន់ធ្ងរពេកបានបញ្ជូនទៅមន្ទីរពេទ្យខេត្ដ ប៉ុន្តែត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដល់កណ្ដាលផ្លូវក៏បានស្លាប់តែម្តង៕