អធិការនគរបាលស្រុកថ្មពួក ដឹកនាំកម្លាំង ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលសេសសល់ពីគ្រោះទឹកជំនន់
ខេត្តបន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ នឹងមើលឃើញពីទុក្ខលំបាកព្រមទាំងមានការព្រួយបារម្ភរពីប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នោះ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលស្រុកថ្មពួក ក្រោមការចង្អុលបង្ហាញនិងណែនាំពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ចំនួន៥០នាក់ ចុះជួយច្រូតស្រូវលិចទឹកប្រជាពលរដ្ឋ ចំនួន១ហិកតា ស្ថិតនៅក្នុងភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ការដឹកនាំកម្លាំងចុះជួយច្រូតស្រូវពលរដ្ឋនេះបានធ្វើឡើង បន្ទាប់ពីម្ចាស់ស្រូវដែលរងផលប៉ះពាល់ដោយសារទឹកលិចមានឈ្មោះ សួង សាវេត អាយុ៤០ឆ្នាំ រស់នៅក្នុងទីតាំងខាងលើ បានស្នើសុំឲ្យសមត្ថកិច្ចចុះជួយ ដោយសារតែស្រូវរបស់គាត់ទំជ្រុលបាក់ក ហើយនៅឆ្ងាយពីភូមិ និងផ្លូវចូលទឹកលិច មិនអាចចូលម៉ាស៊ីនច្រូតបាន បន្ទាប់ពីទទួលបាននូវការស្នើសុំនេះភ្លាម លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោកដឹកនាំកម្លាំងចុះជួយតែម្តង៕