រដ្ឋបាលខេត្តបាត់ដំបង ផ្សព្វផ្សាយនូវវិធានការ និងការណែនាំរបស់ ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋ ក្រោយមានករណីវិជ្ជមានវីរុសកូវីដ-19ថ្មីឆ្លងចូលសហគមន៍
ខេត្តបាត់ដំបង៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គឺមានករណីវិជ្ជមានកូវីដ-១៩( covid 19)ថ្មី ជាការឆ្លងចូលសហគមន៍ដែលបានរកឃើញនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបាត់ដំបងសូមធ្វើការផ្សព្វផ្សាយនូវវិធានការនិងការណែនាំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋទូទៅសូមបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយពាក់ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេសនៅក្នុងកាលៈទេសៈនេះសូមមើលការខុសត្រូវកូនចៅខ្លួន ដោយកុំឱ្យដើរចេញក្រៅផ្ទះររហូតបើមិនមានការចាំបាច់ តែបើអាក់ខានមិនបាននោះ នៅពេលចេញទៅខាងក្រៅផ្ទះ ត្រូវពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល នៅឆ្ងាយពីអ្នកដទៃឲ្យបានលើសពី១ម៉ែត្រកន្លះពីគ្មា ត្រូវលាងសម្អាតដៃអោយបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុលដែលសម្លាប់មេរោគជាប់ជានិច្ច កុំយកដៃប៉ះផ្ទៃមុខ ពេលក្អកត្រូវទប់មាត់ និងកែងដៃ ក្នុងករណីមានសញ្ញាណាមួយដែលសង្ស័យការឆ្លងជំងឺកូវីដ19 គួរដាក់ខ្លួនអោយនៅដោយឡែក ហើយប្រឹក្សាជាមួយក្រុមគ្រូពេទ្យ នឹងមកយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងនៅផ្នែកបណ្ដុះបណ្ដាលបន្តមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តជាប់នឹងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ជាពិសេសសូមកុំឱ្យមានការជួបជុំគ្នាកុះករច្រើនពេក កាត់បន្ថយជាអតិបរមានូវចំនួនមនុស្សជួបជុំគ្នា។
នេះជាដំណាក់កាលសំខាន់បំផុតដែលបងប្អូនប្រជាពរដ្ឋទាំងអស់សូមចូលរួមសាមគ្គីគ្នា ក្នុងការអនុវត្តវិធានការសុខាភិបាលដ៏មានសារសំខាន់នេះ ដើម្បីទប់ស្កាត់ការចម្លងរាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ និងដើម្បីឱ្យបងប្អូនអាចបន្តការរស់នៅជាធម្មតាតាមបែបគន្លងថ្មី។ហើយសូមកុំភ្លេចវីរុសកូវីដ-19 មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ហើយវីរុសដ៏កាចសាហាវនេះ ក៏មិនភ្លេចយើងដែរបើយើងធ្វេសប្រហែសវីរុសកាចសាហាវនេះនិងវាយលុកសិរីរាង្គកាយយើងហើយ ដូច្នេះមានតែវិធីការពារខ្លួនអោយបានខ្ជាប់ខ្ជួនតាមការណែនាំខាងលើនេះទេ ដែលអាចជួយទប់ស្កាត់បានជាអតិបរមា នូវការចម្លងពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារខ្លួននិងមិនចម្លងពីបុគ្គលរាតត្បាតចូលទៅក្នុងសហគមន៍ទ្រង់ទ្រាយធំ និងសូមអំពាវនាវដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋណា ឬបុគ្គលណាដែលមានការពាក់ព័ន្ធក្នុងការទំនាក់ទំនងគ្នាដោយផ្តល់ឬប្រយោល ឬចូលរួមកម្មវិធីនានាទាំងការប្រជុំ ពិធីរៀបអាពាហ៍ពិពាហ៍មង្គលការ។ល។បើសិនមានការសង្ស័យសូមមកកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នឹងមកកាន់ផ្នែកបណ្ដុះបណ្ដាលបន្តមន្ទីរសុខាភិបាលនៅរដ្ឋបាលខេត្តជាបន្ទាន់ ដើម្បីយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយរាជរដ្ឋាភិបាលមិនតម្រូវឲ្យបង់ថវិកាអ្វីទាំងអស់ពោលគឺយកសំណាកនិងពិនិត្យដោយឥតគិតថ្លៃ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលជាអ្នករត់ម៉ូតូឌុប ក៏ដូចជាអ្នករត់ផាស់ស្អាប់ បានលើកឡើងដូចៗគ្នាអោយអ្នកយកព័ត៌មាន យើងដឹងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្រោយពីសម្តេចមានយុទ្ធសាស្ត្រភ្លាមប្រជាពលរដ្ឋទាំងអស់គ្នាក៏ចាប់ផ្តើមពាក់ម៉ាស់ ប្រើអាល់កុល និងគម្លាតឆ្ងាយពីគ្មាតាមប្រសាសន៍ណែនាំរបស់សម្តេច ហើយសូម្បីតែផាស់ស្អាប់ រ៉ឺម៉កកង់បី នៅពេលដែលភ្ញៀវឡើងជិះ ក៏បានបាញ់អាល់កុល និងពាក់ម៉ាស់ដែរ ព្រោះជំងឺកូវីដយើងមើលមិនឃើញ ដូច្នេះយើងត្រូវពាក់ដើម្បីការពារ ព្រោះរាជរដ្ឋាភិបាលយើងកំពុងតែអោយយើងធ្វើការចេះសម្អាតខ្លួនយើង ដោយពាក់ម៉ាស់ លាងដៃនិងអាល់កុលឬជែលដើម្បីការពារការឆ្លងជំងឺកូវីដនេះឯង។ហើយក្នុងនេះដែរ លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល សម្រាប់ខេត្តបាត់ដំបង មិនទាន់អាចបញ្ជាក់អំពីតួលេខនៃចំនួនអ្នកពាក់ព័ន្ធនៅឡើយទេ ព្រោះពេលនេះកំពុងប្រមូលយកសំណាកមកជាបណ្តើរៗហើយ៕