ចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធទៅនឹងករណីលួច នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ជនសង្ស័យចំនួន០២នាក់ជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារបីដងមិនរាងចាល ចេញមកវិញប្រព្រឹត្តលួចដដែល ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាលើកទីបួន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៨និង២០នាទី នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកបានដឹកនាំកម្លាំងក្រុមបង្ការបង្ក្រាបចុះបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(កាច់សោរ យកម៉ូតូ)០១ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១- ឈ្មោះ ជា ចាន់ថន ភេទប្រុស អាយុ៣៥ឆ្នាំ,ទី២- ឈ្មោះ ជា ចាន់ថុល ភេទប្រុស អាយុ៣១ឆ្នាំ ទាំងពីរនាក់ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ចំនួន០៣លើក ដែលពាក់ព័ន្ធនឹងករណីលួចដូចគ្នា ។
លោកប្រធានការិយាល័យបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង០២នាក់ខាងលើ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើសកម្មភាពលួច(យកម៉ូតូ១គ្រឿង) របស់ជនរងគ្រោះឈ្មោះ លេង វុត្ថា ភេទប្រុស អាយុ៤៤ឆ្នាំមានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងបានគេចខ្លួនមិនបានប៉ុន្មានក៏ត្រូវសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានតែម្តង។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
- ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AD 8405 (ជាម៉ូតូរបស់ជនរងគ្រោះ) និង០១គ្រឿងទៀតម៉ាក ស៊ូស៊ូគីស្មាស់វី ពណ៌ក្រហម ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BA 6367 (ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព )។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕