បុរសម្នាក់ក្នុងចំណោម៣នាក់ រងរបួសធ្ងន់បន្ទាប់ពីចូលច្រៀងខារ៉ាអូខេបន្ទប់ជាប់គ្នា ហើយមានទំនាស់ពាក្យសម្តីគ្នាក៏បានផ្ទុះហិង្សា នៅស្វាយរៀង
ខេត្តស្វាយរៀង៖ទាល់ពាក្យសម្តីគ្នានៅក្នុងខារ៉ាអូខេបង្កឲ្យមានហឹង្សា បណ្តាលឲ្យបុរសម្នាក់ ក្នុងចំណោម៣នាក់ បានរងរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ កាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្លិបខារ៉ាអូខេជំនោរត្រជាក់ចិត្ត ក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បង្កការភ្ញាក់ផ្អើល។ក្រោយពីបង្កឲ្យមានមនុស្សរងរបួសស្នាម ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបន្សល់ទុកតែម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។
បុរសរងគ្រោះមាន១-ឈ្មោះយ៉ូន សុខជា អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃស្រគំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង(របួសក្បាល)បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។
២-ឈ្មោះភាព ភា អាយុ២៣ឆ្នាំ មុខរបរកម្មករម៉ាស៊ីនច្រូតស្រូវ រស់នៅភូមិសំពណ៌ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង (គ្មានរបួស) និងទី៣-ឈ្មោះម៉ុន ណាត អាយុ២១ឆ្នាំ មុខរបរកម្មករម៉ាស៊ីនច្រូតស្រូវ រស់នៅភូមិ ដំណាក់សេរី ឃុំកំចាយមារ ស្រុក កំចាយមារ ខេត្តព្រៃវែង (គ្មានរបួស)។
ចំណែកក្រុមជនសង្ស័យ៣នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយបង្កហេតុបានរត់គេចខ្លួនបន្សល់ម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I-១៣០១។
បន្ទាប់ពីទទួលព័ត៌មាននេះភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ទោ សែន កុសល មេបញ្ជាការស្តីទីក្រុងបានចុះបង្ក្រាបករណីប្រើអំពើហិង្សានៅ ចំណុចខារ៉ាអូខេ ជំនោរត្រជាក់ចិត្តនេះ ប៉ុន្តែក្រុមជនសង្ស័យបានរត់គេចខ្លួនបន្សល់តែ ម៉ូតូទើបកម្លាំង សមត្ថកិច្ចបានយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនិងកំពុងស្រាវជ្រាវរកជនសង្ស័យដើម្បីចាត់ការតាមច្បាប់៕