មេភូមិឯកភាព ស្រុកថ្មពួក ជិះម៉ូតូឌុបប្រពន្ធ បុកឆ្កែកំពុងដែលឆ្លងផ្លូវជាតិលេខ៥៦ បណ្ដាលឲ្យស្លាប់ ចំណែកប្រពន្ធរងរបួសធ្ងន់
ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ បណ្តាលឲ្យលោកមេភូមិឯកភាព ស្រុកថ្មពួក បានស្លាប់ រីឯប្រពន្ធ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណៈជិះម៉ូតូឌុបនៅលើផ្លូវជាតិលេខ៥៦ លុះមកដល់ចំណុចខាងត្បូងសាលាបឋមសិក្សាតាម៉ា ភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បុកសត្វឆ្កែកំពុងឆ្លងផ្លូវជាតិ។
លោកវរសេនីយ៍ ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានដឹងថា សពមេភូមិឯកភាពមានឈ្មោះ ឡែ ចយ ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរជាមេភូមិឯកភាព ឃុំគំរូ ស្រុកថ្នពួក ខេត្តបន្ទាយមានជ័យ រីឯប្រពន្ធមានឈ្មោះមាស នី អាយុ៥១ឆ្នាំ រងរបួសធ្ងន់ត្រង់ដៃសងខាងនិងក្បាល ត្រូវបានបញ្ជូនទៅសម្រាកព្យបាលនៅគ្លីនិចនាគព័ន្ធ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ។
លោកវរសេនីយ៍អធិការបានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខបន្ទាយមានជ័យ ១B ១៦២២ ឌុបគ្នា ពីជើងទៅត្បូងទៅទិញនំ ផ្លែឈើនៅផ្សារក្រុងសិរីសោភ័ណ ដើម្បីយកទៅលក់ក្នុងសាលារៀនវិទ្យាល័យថ្មពួក នៅពេលបើកម៉ូតូដល់ចំណុចកើតហេតុ ស្រាប់តែមានសត្វឆ្កែរត់កាត់ផ្លូវ ភ្លាមនោះម៉ូតូបានបុកសត្វឆ្កែពេញទំហឹងបណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ បាក់កដៃខាងឆ្វេងនិងក្បាលតែម្តង។
ក្រោយពីកើតហេតុជនរងគ្រោះជាប្តី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពម្កាក់ ដោយសារសភាពធ្ងន់ធ្ងរពេកក៏បានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ជាអកុសល្យមិនអាចជួយក៏បានស្លាប់បាត់បង់ជីវិតតែម្តងទៅ។
ចំណែកម៉ូតូ ត្រូវបានប្រជាពលរដ្ឋ លើកយកចេញពីកន្លែងកើតហេតុក្រោយមកកំលាំងប៉ុស្តិ៍ម្កាក់បានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់រង់ចាំឲ្យក្រុមគ្រួសារមកយកវិញ៕