លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ា នាំយកអំណោយមនុស្សធម៌ របស់អាជីវកក្រុងប៉ោប៉ែតជាជនជាតិឥណ្ឌូណេស៊ី ផ្ដល់ជូនពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់
ខេត្តបន្ទាយមានជ័យ៖លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ា ប្រធានសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍខេត្តបន្ទាយមានជ័យ និងក្រុមការងារ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំយកអំណោយមនុស្សធម៌របស់អាជីវកនៅក្រុងប៉ោប៉ែតដែលជាជនជាតិឥណ្ឌូណេស៊ី ផ្ដល់ជូនប្រជាពលរដ្ឋសរុបចំនួន៣៦០គ្រួសារ មកពី១៥ភូមិ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ដែលអាជ្ញាធរបានជម្លៀសមកទីទួលសុវត្ថិភាព ហើយទឹកស្រក់បញ្ជូនទៅគេហដ្ឋានវិញនោះ។
ពិធីនេះបានប្រព្រឹត្តទៅនៅចំណុចក្នុងបរិវេណវត្តនិមិត្តសុធីរាម(ហៅវត្តកូនដំរី) ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងតន្ត្រីនៃរដ្ឋបាលក្រុង,ព្រះចៅអធិការវត្ត និងមន្ត្រីសង្ឃ,កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ,ក្រុមយុវជន ស.ស.យ.កនិងអាជ្ញាធរមូលដ្ឋានផងដែរ។
ក្នុងឱកាសនោះដែរលោកអភិបាលក្រុងបានមានប្រសាសន៍ កោតសរសើរដល់ម្ចាស់ជំនួយ ក៏ដូចជាសប្បុរសជននានា ដែលតែងតែជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនឹងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ទាំងជួយដោយផ្ទាល់ និងតាមរយៈរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង។
ជាងនេះទៅទៀតលោកអភិបាលក្រុងបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអាសេរេពិសនានា នឹងខ្សែភ្លើងដែលដាច់ ត្រូវយកចិត្តទុកដាក់រក្សាបរិស្ថាន អនាម័យឲ្យបានល្អ ពិសេសកុំភ្លេចអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី ជៀសវាងការឆ្លងជំងឺកូវីដ១ ៩ផងដែរ។
ក្នុងនោះលោកអភិបាលក្រុងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ទៅលើពលរដ្ឋឲ្យបានល្អ បើមានបញ្ហាអ្វីឬមានជំងឺឈឺស្កាត់ត្រូវរាយការណ៍និងបញ្ជូនទៅបន្ទីពេទ្យបន្ទាន់ដើម្បីជួយសង្រ្គោះឱ្យទាន់ពេលវេលា។
អំណោយដែលត្រូវផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ,មី និងទឹកសុទ្ធ៕