ឯកឧត្តមអភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០
ខេត្តព្រៃវែង៖នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង លោក ស្រេង ជា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០។
ពិធីនេះបានប្រព្រឹត្តិទៅនៅសាលប្រជុំស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកញ្ច្រៀចផងដែរ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ផ្តោតសំខាន់ទៅលើគោលដៅផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក អោយកាន់តែល្អប្រសើរឡើង។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអគុណចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត ដែលបានធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយជាអាទិភាពជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុកអោយកាន់តែល្អប្រសើរឡើង៕