ចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ តាមដីកាតុលាការខេត្តបាត់ដំបង ក្រោមការចោទពីបទលួចមានស្ថានទម្ងន់ទោស
ខេត្តបាត់ដំបង៖កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងស្រុកថ្មគោល បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បន្ទាប់ពីទទួលបានដីកាបង្គាប់ឲ្យនាំខ្លួន របស់លោកចាប តុលា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង ដោយចោទពីបទលួចមានស្ថានទម្ងន់ទោស។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តបាត់ដំបង បានឲ្យដឹងថា ជំហានទី១ បានធ្វើឡើងនៅវេលាម៉ោង១២និង៣៥នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ទិត្យ រ៉ូហ្សែត ហៅហ្សិត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជំហានទី២ បានធ្វើឡើងនៅវេលាម៉ោង១៣និង៤៦នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ ទោម សម្បត្តិ ហៅ ឆាយ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រក្រុងបាត់ដំបង។ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានចាប់ខ្លួន អនុវត្តន៍តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងខេត្តបាត់ដំបង ដោយចោទពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សានៅចំណុចខារ៉ាអូខេយីហោ ត្រចៀកកាំ ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យខាងលើ ក្រោយពីការឃាត់ខ្លួន ត្រូវបានមន្ត្រីការិយាល័យជំនាញ ការកសាងសំណុំរឿង
បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕