បុរសជនជាតិថៃ១នាក់ ធ្វើអត្តឃាតដោយចងក នៅក្នុងបន្ទប់ជួលនៅស្រុកសាលាក្រៅ ដោយមិនដឹងពីមូលហេតុ
ខេត្តប៉ៃលិន៖មិនដឹងជាមានវិបត្តិអ្វីនោះទេបានធ្វើឲ្យបុរសជាជនជាតិថៃម្នាក់ សម្រេចចិត្តចងករធ្វើអត្តឃាតខ្លួនឯងដោយមិនដឹងពីមូលហេតុ។ការភ្ញាក់ផ្អើលនេះបានកើតឡើងបន្ទាប់ពីម្ចាស់ផ្ទះបាត់ជនរងគ្រោះយូរ ដោយចាក់សោបន្ទប់ជាប់ហៅច្រើនដងមិនឆ្លើយ ដោយសង្ស័យមានរឿងអ្វីកើតឡើង ទើបម្ចាស់ផ្ទះសម្រេចគាស់សោទ្វារចូលមើល ស្រាប់តែប្រទះឃើញជនរងគ្រោះយកខ្សែវាំងននចងក.ភ្ជាប់នឹងបង្អួចស្លាប់បង្កឱ្យមានការឆោឡោភ្ញាក់ផ្អើល តែមិនទាន់ដឹងថាមកពីមូលហេតុអ្វីនោះទេ ខណៈជនសង្ស័យស្នាក់នៅតែម្នាក់ឯង ដោយអ្នកខ្លះសង្ស័យថា ដោយសារចាញ់ល្បែង ខ្លះទៀតសង្ស័យមកពីមានវិបត្តិក្នុងគ្រួសារ។
ហេតុការណ៍ប្រទះឃើញជនរងគ្រោះចងក.អត្តឃាតក្នុងបន្ទប់ជួលនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃអង្គារ ០៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបូរីម្កុដពេជ្រអាគារ F-15 ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា៖សពជនរងគ្រោះ មានឈ្មោះ វត្តឆាឡាក់ភុង សនចាន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិខាងលើ។ប្រភពបន្តថា ក្រោយទទួលបានព័ត៌មាន នគរបាលក៏ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសពជនរងគ្រោះ រង់ចាំខាងនគរបាលផ្នែកកោសល្យវិច្ច័យមកធ្វើកោសល្យវិច្ច័យឱ្យបានច្បាស់លាស់ រួចបញ្ជូនឱ្យទៅក្រុមគ្រួសារខាងថៃ យកទៅធ្វើបុណ្យតាមប្រពៃណី៕