ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍២ករណី កន្លែងផ្សេងពីគ្នា បណ្តាលឲ្យមនុស្ស១នាក់ស្លាប់ របួសធ្ងន់១នាក់ នៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃតែមួយមានគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណី កន្លែងផ្សេងពីគ្នាបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា ករណីទី១ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៥ល្ងាច លើកំនាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចខាងលិចស្ពានទឹកថ្លា៥០០ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង រថយន្តលុចស៊ីសGS300ពាក់ស្លាក់លេខភ្នំពេញ.2AW-6070 បើកពីកើតទៅលិចក្នុងល្បឿនលឿន សង្ស័យស្រវឹងប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់រ៉េចង្កូតទៅបុកប៉ះ រថយន្តធំពាក់ផ្លាកលេខក្រចេះ.3A-0301 ដឹកស្រូវចំពីជំហៀងកង់ខាងឆ្វេងផ្នែកខាងក្រោយក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យមានមនុស្សរបួសធ្ងន់១នាក់ប្រុសមិនទាន់ស្គាល់អ្នកបើករថយន្តឡុចសីស300 បញ្ជូនទៅមន្ទីរពេទ្យ។មូលហេតុ អ្នកបើករថយន្តតូចប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់សង្ស័យស្រវឹង។
លោកវរសេនីយ៍ទោ សួន នីប៉ូ បានប្រាប់បន្តទៀតថា ករណីទី២ នៅវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែវិច្ឆិកា នៅលើកំនាត់ផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរចរណ៍កើតឡើងរវាងម៉ូតូម៉ាកហុងដាទ្រីមសេ125ពាក់ផ្លាក លេខប៉ៃលិន1C-7618 បើកពីលិចទៅកើតលុះបើកមកដល់ចំណុចកើតហេតុបានប្តូរគន្លងបត់ឆ្វេង ស្របពេលនោះស្រាប់តែមានរថយន្តលុច្សស៊ីសRX300 ពណ៏សពាក់ផ្លាកលេខប.មានជ័យ.2A-6828 បើកពីកើតទៅលិចផ្ទុយគ្នាក្នុងល្បឿនលឿន ក៏ទៅបុកម៉ូតូពេញទំហឹងបណ្តាលអ្នកបើកម៉ូតូឈ្មោះ ឈ្មោះ ផង់ លាង ភេទប្រុស អាយុ៦៩ឆ្នាំរស់នៅភូមិរស្មីសាមគ្គីសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត របួសក្បាលបោកទៅនឹងថ្នល់និងរបួសជើងខាងស្តាំ ក្រោយមកបានស្លាប់នៅមន្ទីពេទ្យ។
លោកនាយការិយាល័យ បានបញ្ជាក់ថា មូលហេតុអ្នកបើកម៉ូតូប្តូរគន្លងបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នមិនពាក់មួកសុវត្ថិភាព រីឯរថយន្តល្បឿនលឿន អ្នកបើករថយន្តឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។វត្ថុតាងទាំងអស់សមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននិងការិយាល័យនគរបាលចរាចរណ៍រងចាំធ្វើការដោះស្រាយជាក្រោយ៕