អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្ម
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន២នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លូនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០២០ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២១ វិច្ឆិការ ឆ្នាំ២០២០ របស់ជនរងគ្រោះឈ្មោះ ស៊ិប ចន្នី ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីកណីបាត់ម៉ូតូ០១គ្រឿង នៅចំណុចបន្ទប់ជួលម្ដុំបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។ក្រោយពីទទួលបានពាក្យបណ្ដឹងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រស់ សារ៉យ (ហៅឡយ) តាមរយៈឈ្មោះ រិន សិលា ភេទស្រី អាយុ១៩ឆ្នាំ ដែលជាអ្នកទៅជិះម៉ូតូយកមកឱ្យជនសង្ស័យឈ្មោះ រស់ សារ៉យ។ក្រោយមកដោយខ្លួនដឹងថាម៉ូតូនេះជារបស់ជនសង្ស័យឈ្មោះ រស់ សារ៉យ (ហៅឡយ)លួចគេ មក ទើបរូបគេប្ដឹងមកសមត្ថកិច្ចឱ្យធ្វើការឃាត់ខ្លួនជនសង្ស័យនេះតែម្ដង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យក្រោយពីឃាត់ខ្លួន ត្រូវបានបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីសាកសួរចម្លើយ បន្ទាប់ពីសួរចម្លើយរួចមកនៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២០ កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាអ្នកទិញផលចោរកម្ម ឈ្មោះ រ៉ា រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត និងបានដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០១៥ ពាក់ស្លាកលេខបន្ទាយមានជ័យ 1L-1920 ដែលជាម៉ូតូរបស់ជនរងគ្រោះខាងលើដូចមានក្នុងបណ្ដឹងស្រាប់។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាព ព្រមទាំងមានវត្ថុតាងម៉ូតូ ដែលដកហូតបានផងនោះ ជនសង្ស័យទាំង០២នាក់ ជាពិតបានប្រព្រឹត្តបទល្មើសលួចម៉ូតូ និងទទួលផលចោរកម្មពិតប្រាកដមែន។បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត បន្ទាប់មកកម្លាំងជំនាញព្រហ្មទណ្ឌអាវុត្ថខេត្ត ក៏បានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំណែកម៉ូតូត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕