បុរសជាអ្នកបើកបរគ្រឿងចក្រម្នាក់ បានចងកសម្លាប់ខ្លួន ដោយមិនដឹងពីមូលហេតុនៅខណ្ឌព្រែកព្នៅ
រាជធានីភ្នំពេញ៖បុរសជាអ្នកបើកបរគ្រឿងចក្រម្នាក់បានចងក សម្លាប់ខ្លួនបណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះល្វែងទុកចោល ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ លីម សុភ័ណ្ឌ អាយុ២៧ឆ្នាំ មុខរបរអ្នកបើកគ្រឿងចក្រ ស្នាក់នៅក្នុងការដ្ឋានក្រុមហ៊ុន មួយកន្លែង និងមានស្រុកកំណើតនៅភូមិមហាលាភ ឃុំពាមប្រភ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បើតាមសម្តីកម្មករដែលស្នាក់នៅក្នុងការដ្ឋានជាមួយគ្នាបានឲ្យដឹងថា កន្លងមកបុរសរូបនោះតែងតែផឹកស៊ីនៅក្នុងការដ្ឋានសប្បាយរីករាយមិនដែលមានបញ្ហាអ្វីនោះទេ ប៉ុន្តែរយៈពេលប្រមាណ៣ថ្ងៃកន្លងមកនេះ គេឃើញអ្នកបើកបរគ្រឿងចក្ររូបនោះ មានទឹកមុខស្រងូតស្រងាត់ ដូចជាមានបញ្ហាអ្វីមួយ ហើយកាលពេលវេលាម៉ោងប្រហែល៩យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ គេឃើញជនរងគ្រោះខាងលើបានទិញស្រាថ្នាំចំនួនកន្លះលីត្រទៅអង្គុយផឹកតែម្នាក់ឯង លុះនៅវេលាម៉ោង៦និង ៣០នាទីព្រឹកក៏ប្រទះឃើញជនរងគ្រោះចង កស្លាប់បាត់ទៅហើយ ដោយគេមិននឹកស្មានថា គាត់គិតខ្លីចងកសម្លាប់ខ្លួនបែបនេះទេ។
សមត្ថកិច្ចបញ្ជាក់ថា យុវជនរូបនោះបានចងកសម្លាប់ខ្លួនដោយយកក្រមាចងជាប់ទៅនឹងឈើឆ្កាងសម្រាប់យោងគ្រឿងសំណង់នៅជាន់ឡៅតឿ។តាមនគរបាលបានឲ្យដឹងទៀតថា នៅមុនពេលភ្ញាក់ផ្អើល មានកម្មករស្នាក់នៅការដ្នានបានបើកទ្វារចូលធ្វើការក៏បានប្រទះឃើញសាកសព ហើយបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។ទាក់ទងនឹងការធ្វើអត្តឃាតនេះ គេពុំទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ។
បន្ទាប់ពីកើតហេតុ សពត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យនិងទំនាក់ទំនងទៅក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕