ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីយកដំបងឫស្សីគប់កូនស្រីអ្នកនៅផ្ទះទល់មុខគ្នា និងបានស្រែកគំរាមស្លាប់ចោលមួយពូជថែមទៀត
ខេត្តកណ្តាល៖បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធទៅនឹងករណីបុរសម្នាក់ បានយកដំបងឫស្សីគប់កូនស្រីអ្នកនៅផ្ទះទល់មុខគ្នា និងបានស្រែកគំរាមស្លាប់ចោលមួយពូជថែមទៀតនោះត្រូវបានកម្លាំងនគរបាលស្រុកកោះធំ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្ដកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើឈ្មោះ អាន រដ្ឋា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំ ព្រែកជ្រៃ ស្រុកកោះធំ ខេត្ដកណ្ដាល មុខរបរមិនពិតប្រាកដ។ចំណែកជនរងគ្រោះមានឈ្មោះ ស្រ៊ុន លាងហ៊ី ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ ជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កន្លងមកជនសង្ស័យ ជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយក្រុមគ្រួសារក៏បានយកទៅដាក់នៅមណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀនផងដែរ។លុះពេលជនសង្ស័យ ចេញពីមណ្ឌលកែប្រែត្រលប់មកផ្ទះវិញ បានវាយបំផ្លាញរបស់របរក្នុងផ្ទះ បណ្តាលឲ្យខូចខាតគ្មានសល់ ហើយបងស្រីរបស់ជនសង្ស័យម្នាក់ ក៏បានរត់ចេញពីផ្ទះបាត់ ដោយខ្លាចជនសង្ស័យសម្លាប់ចោល។លុះនៅថ្ងៃទី០៥ ខែវិច្ចិកា ឆ្នាំ២០២០ វេលាម៉ោង០៩ និង១០នាទី ជនសង្ស័យឈ្មោះ អាន រដ្ឋា បានកាន់កាំបិត មកឈរខាងមុខផ្ទះជនរងគ្រោះឈ្មោះស្រ៊ុន លាងហ៊ី ហើយបានស្រែកគម្រាមថា អាញ់នឹងសម្លាប់មួយពូជចោលទាំងអស់ ហើយជនសង្ស័យ អាន រដ្ឋា ក៏ដើរត្រលប់ទៅផ្ទះវិញបាត់ទៅ។
ក្រោយមកនៅមុនពេលកើតហេតុថ្មីៗនេះ ជនសង្ស័យតែងតែយកអំបែងកែវ អំបែងចានគប់ចូលទៅខាងមុខផ្ទះរបស់ជនរងគ្រោះ និងនិយាយគម្រាមកំហែងដល់អាយុជីវិត ក្រុមគ្រួសារជនរងគ្រោះជាបន្តបន្ទាប់ តែខាងក្រុមគ្រួសារជនរងគ្រោះពុំតបតអ្វីទេ។រហូតដល់ថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី ពេលឈ្មោះ លាង ហ៊ី ចាន់នេត ត្រូវជាកូនស្រីរបស់ជនរងគ្រោះ រៀបនិងដើរចេញពីផ្ទះទៅទិញម្ហូបស្រាប់តែ ជនសង្ស័យ អាន រដ្ឋា បានចុះមកពីខាងលើផ្ទះរបស់ខ្លួនដែលនៅទល់មុខផ្ទះគ្នា រួចទាញយកដំបងឈើឬស្សី ០១ដើម គប់ចូលទៅរកកូនស្រីជនរងគ្រោះតែពុំត្រូវ និងបានស្រែកគម្រាមថានឹងរកសម្លាប់ចោលទាំងអស់គ្នា។ក្រោយមកនៅរសៀលថ្ងៃដដែល ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកជ្រៃតែម្ដង។
ក្រោយពីទទួលបានបណ្ដឹងភ្លាមកម្លាំងនគរបាលប៉ុស្ដិ៍ បានចុះស្រាវជ្រាវភ្លាមៗដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួន ជនសង្ស័យ អាន រដ្ឋា យកមកកាន់ប៉ុស្ដិ៍រដ្ឋបាល និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនិតិវិធី៕