ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃពីជនជាតិចិន ត្រូវបានអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅតុលាការ
ខេត្តបន្ទាយយមានជ័យ៖កម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន
ជនសង្ស័យម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនបញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ លាង ស៊ីង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួលបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមរយ:អ្នកបកប្រែនៅថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០២០ ស្ដីពីករណីលួចទូរស័ព្ទដៃម៉ាកវីវ៉ូ ពណ៌ស ០១គ្រឿង កាលពីថ្ងៃទី១៦ ខែវិច្ឆិការ២០២០ វេលាម៉ោង២៣ និង០០នាទី។
ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ មន សេងវិន ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចផ្សារអគ្គ: ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ហើយបញ្ជូនមកមូលដ្ឋានអាវុធត្ថក្រុង ដើម្បីធ្វេីការសាកសួរចម្លើយ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទខាងលើពិតប្រាកដមែន តែទូរស័ព្ទនោះមានអ្នកលួចបន្តក្នុងខណ:ដែលខ្លួនដេកលក់នៅម្ដុំផ្សារអគ្គ:។ដោយបានចម្លើយសារភាព និងផ្អែកលើការឆែកមើលរូបភាពតាមរយ:ការមេរ៉ាសុវត្ថិភាពផងនោះ ទើបកម្លាំងជំនាញព្រហ្មទណ្ឌ មូលដ្ឋានអាវុធក្រុង កសាងសំណុំរឿងបញ្ជូនទៅបញ្ជាការអាវុធខេត្ត ដើម្បីចាត់ការតាមនីតិវិធីតែម្ដង៕