លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធី.....
(បន្ទាយមានជ័យ)
លោកឧត្ដមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងដំណើរការសវនាការជំនុំជម្រះក្ដី លោក កឹម សុខា និងផ្សព្វផ្សាយប្រសាសន៍ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការ នាយ និងជំនួយការការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថ ដែលបម្រើការងារនៅសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់ចេញនូវវិធានការដល់ គ្រប់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ តាមដាន និង ក្ដាប់រាល់់ព័ត៌មាន មុខសញ្ញាអមិត្ត និងក្រុមប្រឆាំង ព្រមទាំងសហការឱ្យបានល្អ ជាមួយសមត្ថកិច្ច និងអជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ និងចាត់វិធានការ ចំពោះការប្រមូលផ្ដុំ គ្រាំទ្រ ទាមទារតវ៉ាផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ក្នុងការដំណើរការបើកសវនាការ ជម្រះក្ដី លោក កឹម សុខា នាពេលខាងមុខ។
លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានបន្ថែមទៀតថា កម្លាំងអាវុធហត្ថទាំងអស់ ត្រូវធានាអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ នូវផែនការលេខ៦៥/២០១៩ ផ.ក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ របស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូន អង្គសវនាការតុលាការរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ៕